ទេសរដ្ឋមន្ដ្រី ថោង ខុន អបអរសាទរក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ក្រោយដណ្ដើមបានមេដាយជើងឯកអាស៊ី ២គ្រឿង

(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានសម្ដែងការអបអរសាទរ និងកោតសរសើរក្រុមកីឡាកាយសម្ព័ន្ធជម្រើសជាតិកម្ពុជា ក្រោយដណ្ដើមបានមេដាយ ២គ្រឿង ពីការប្រកួតកីឡាកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ី លើកទី៨ (Aerobic Gymnastics Asian Championship 2023) នៅក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី ចាប់ពីថ្ងៃទី១៣-១៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងដូច្នេះថា «សូមអបអរសាទរ និងកោតសរសសើរក្មួយៗ ចៅៗ ដែលជាកីឡាករ-កីឡាការិនី នៃក្រុមកីឡាកាយសម្ព័ន្ធជម្រើសជាតិកម្ពុជា ចំពោះការខិតខំប្រឹងប្រែងហ្វឹកហាត់ រហូតទទួលបានលទ្ធផលមួយដ៏ល្អប្រសើរ នៅក្នុងការប្រកួតកីឡាកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ី លើកទី៨ ដែលដណ្ដើមបានមេដាយ ២គ្រឿង ក្នុងនោះមានមេដាយមាស ១ លើវិញ្ញាសា Senior Trio (សម្ដែងក្រុមនារី) ដោយកីឡាការិនី ស៊ីវ ចន្ថា, ណេម សុខហេង និងកីឡាការិនី ឌឹម អ៊នធីតា និងមេដាយសំរឹទ្ធ ១ លើវិញ្ញាសាឯកត្ដជននារី ដោយកីឡាការិនី សួស ស្រីពៅ»។
បន្ថែមលើនេះ លោកទេសរដ្ឋមន្ដ្រី ក៏បានជំរុញ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទាំងអស់ ត្រូវបន្ដការខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីសម្រួចសមត្ថភាព និងពង្រឹងគុណផលកម្រិតខ្ពស់ ត្រៀមការប្រកួតអន្ដរជាតិនានា ដូចជាការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ និងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ជាដើម។
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលកីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយមាសកម្រិតជើងឯកអាស៊ី ។ ជោគជ័យនេះ កើតឡើងដោយសារការប្ដេជ្ញាចិត្តរបស់ក្រុមការងារគ្រូ និងកីឡាករ-កីឡាការិនី ទោះមិនស្ថិតក្នុងការប្រមូលផ្ដុំ ក្រោយបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម តែទាំងអស់គ្នា បានពុះពារ និងព្យាយាមហ្វឹកហាត់បន្ដ ពិសេសដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកទេសរដ្ឋមន្ដ្រី ថោង ខុន ដែល ជាប្រធានសហពន្ឋកីឡា កាយ សម្ពន្ន្ធ កម្ពុជា ទើបក្រុមកីឡាករ-កីឡាការិនីកាយសម្ព័ន្ធកម្ពុជា មានឱកាសចូលរួមប្រកួតជើងឯកអាស៊ី និងទទួលបានសមិទ្ធផលល្អប្រសើរបែបនេះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Aerobic Gymnastics Asian Championship 2023 ដែលម៉ុងហ្គោលីធ្វើម្ចាស់ផ្ទះនេះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជូនប្រតិភូ និងអត្តពលិកចំនួន ១១នាក់ ទៅចូលរួមប្រកួតខណៈមានអត្តពលិកចូលរួមសរុបចំនួន ១៤ប្រទេស ។ តាមការគ្រោងទុក បន្ទាប់ពីបញ្ចប់បេសកកម្មខាងលើ ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា នឹងធ្វើដំណើរមកដល់មាតុភូមិវិញ នារាត្រីថ្ងៃទី១៨ ខែកញ្ញាស្អែក ដើម្បី ត្រៀមចូលរួមការ ប្រកួត ក្នុង ព្រិត្តិការណ៍ កីឡា អាសុី នៅ ថ្ងទី ២៣ កញ្ឋា ២០២៣ នៅ ទៅក្រុង ហាង ចូវ សាធារណរដ្ឋប្រជាមានិតុ ចិន ផង ទៀត៕ by FN

អត្ថបទដែលជាប់ទាក់ទង