រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ ការរក្សាទុកអ្នកជំនាន់មុនជាទីប្រឹក្សា គឺដើម្បីផ្ទេរចំណេះ និងជំនាញ មកឱ្យក្មេងជំនាន់ក្រោយ

ភ្នំពេញ៖ ឯកឧត្តម​ នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្លែងថា ការរក្សាទុកអ្នកជំនាន់មុនជាទីប្រឹក្សា គឺដើម្បីផ្ទេរចំណេះនិងជំនាញរបស់លោក អ៊ុំ ពូ មីង ដែលមានវ័យចំណាស់ មកឱ្យក្មេង​ជំនាន់​ក្រោយ ដែលជាការរក្សានូវអ្វីដែលជាចំណេះជំនាញនៅក្នុងក្រោមខណ្ឌក្រសួង​ព័ត៌​មាន ពីជំនាន់មួយ ទៅជំនាន់មួយទៀត ។
ការថ្លែងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុង​ឱកាស​អញ្ជើញជួបសំណេះសំណាលជាមួយទីប្រឹក្សាក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលចតុម្មុខមង្គល ក្រសួងព័ត៌មាន ដើម្បីពិនិត្យមើលពីសមិទ្ធ​ផល​​ដែលសម្រេចបានក្នុងរយៈពេលកន្លងមក ក្តោបក្តាប់បញ្ហាប្រឈម និងស្វែងរកដំ​ណោះ​ស្រាយ​ឆ្លើយតប ព្រមទាំងគិតគូរួមគ្នាពីចក្ខុវិស័យវែងឆ្ងាយ ក្នុងគោលដៅប្រែក្លាយ​ក្រសួងព័ត៌មាន ឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលដែលសកម្ម បុរេសកម្ម អន្តរសកម្ម ហើយប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ។
ឯកឧត្តម នេត្រ ភក្ត្រា បានគួសបញ្ជាក់ថា សម្រាប់មន្រ្តីរាជការដែលបានបំពេញកិច្ច​ការងារតាំងពីគ្រាលំបាក រហូតមកចូលនិវត្តន៍ គឺមនុស្សសំខាន់សម្រាប់មន្រ្តីជំនាន់ក្រោយ ហើយបើសិនជាគាត់មិន​នៅជាទីប្រឹក្សាក្នុងការផ្តល់យោបល់ផ្នែកបច្ចេកទេស​នោះទេ ​គឺនឹង​ជួបការលំបាក។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា សម្រាប់មន្រ្តីរាជការដែលបាន​បំពេញ​កិច្ចការងារតាំងពីគ្រាលំបាកឆ្នាំ១៩៧៩ រហូតមកចូលនិវត្តន៍ គឺមនុស្សសំខាន់​សម្រាប់មន្រ្តីជំនាន់ក្រោយនេះដកស្រង់បទ​ពិសោធន៍​ការងារ ជាជន្ទល់រឹងមាំ បើសិនជា​គាត់​មិននៅជាទីប្រឹក្សាក្នុងការផ្តល់យោបល់ផ្នែក​បច្ចេក​ទេសនោះទេ គឺនឹងជួបការលំបាក ។
ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកអ៊ុំ ពូ មីង អ្នកជំនាន់​ដែលនៅ​មកដល់បច្ចុប្បន្ននេះ គឺជាបេតិក​ភណ្ឌរស់ ជាវចនានុក្រមបច្ចេកទេសរបស់ក្រសួង​ព័ត៌មានដែលរស់ ព្រោះក្មេងៗជំនាន់​ក្រោយមិនចាំបាច់ទៅសិក្សាច្រើនលើកិច្ច​ការងារខ្លះ​នោះទេ គ្រាន់តែសួរ មតិយោបល់​របស់​គាត់នោះការងារនឹងដំណើរការទៅលឿន។ ឯកឧត្ដម នេត្រ ភក្រ្ដា បានលើកឡើងថា ការផ្តល់ងារជាទីប្រឹក្សានេះដែរ គឺជា​ការផ្តល់នូវកិត្តិយសដល់អ្នកជំនាន់មុនដែល​បានបំពេញការងារតាំងពីឆ្នាំ១៩៧៩ មកបាន​លះបង់គ្រប់បែបយ៉ាង តស៊ូរហូតមក​ពេលនេះ ដើម្បីផលប្រយោជន៍ប្រទេសជាតិ ។ ​
ទន្ទឹម​នេះ​ ឯកឧត្តម បានរម្លឹកឡើងវិញពីព្រះរាជក្រឹត្យស្តីពីគោលការណ៍សម្រាប់ការតែង​តាំង​ទីប្រឹក្សា និងជំនួយការ នៅក្នុងអង្គការនីតិប្រតិបត្តិ ដោយក្នុងព្រះរាជក្រឹត្យនេះ កំណត់អំពី​គោលការណ៍ លក្ខខណ្ឌ និងបែបបទសម្រាប់ការតែងតាំងទីប្រឹក្សា និងជំនួយការ នៅក្នុង​អង្គការនីតិប្រតិបត្តិ ក្នុងគោលបំណងពង្រឹងគោលការណ៍ឋានានុក្រមរដ្ឋបាល សំដៅលើក​កម្ពស់ប្រសិទ្ធភាពការងារក្នុងរដ្ឋបាលសាធារណៈ ក៏ដូចជា លើកកម្ពស់ប្រសិទ្ធភាពការងារ​របស់​ទីប្រឹក្សា និងជំនួយការនៅក្នុងអង្គការ នីតិប្រតិបត្តិ។ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ថែមថា ក្រៅពីការបែងចែកភារកិច្ចតាមមុខជំនាញដល់​ថ្នាក់​ដឹកនាំជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទាំងអស់រួចមក ដោយឡែកចំពោះ ទីប្រឹក្សា និងជំនួយការក្រសួងព័ត៌មាន ក៏ត្រូវបែងចែកភារកិច្ចផងដែរ ព្រោះជាការកែទម្រង់រដ្ឋបាល​សាធារណៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានជំរុញដល់ទីប្រឹក្សា​ក្រសួង​ព័ត៌មានទាំងអស់ ត្រូវមានការចូលរួមទាំងអស់គ្នា ក្នុងការបំពេញតូនាទី ឱ្យមាន​ប្រសិទ្ធ​ភាព តាមរយៈចក្ខុវិស័យ គឺធ្វើយ៉ាងណាប្រែក្លាយក្រសួងព័ត៌មាន ឱ្យទៅជាស្ថាប័ន​ទំនាក់​ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលមួយដែលប្រកបដោយ បុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងគុណភាព។ ស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជ​រដ្ឋាភិ​បាល គឺសំដៅទៅលើច្រកចេញ-ចូលនៃទំនាក់ទំនងព័ត៌មានរវាងរដ្ឋាភិបាល​និងសាធារណ​ជន គឺសំដៅទៅលើប្រជាពលរដ្ឋទូទៅ៕ by AKP

អត្ថបទដែលជាប់ទាក់ទង