រជ្ជទាយាទចក្រភពអង់គ្លេស ពិភាក្សាអំពីបញ្ហាប្រែប្រួលអាកាសធាតុជាមួយប្រមុខ UN

(ញូយ៉ក)៖ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ (UN) បាននិយាយថា រជ្ជទាយាទចក្រភពអង់គ្លេស ព្រះអង្គម្ចាស់វីលៀម (William) បានជួបអគ្គលេខាធិការ UN លោក អាន់តូនីញូ ហ្គូតឺរ៉េស (Antonio Guterres) និងបានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែង ពន្លឿនការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ និងការពារបរិស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣។
អ្នកនាំពាក្យ UN បានឲ្យដឹងបន្ថែមថា អ្នកទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការអនុវត្តអភិវឌ្ឍប្រកបដោយចីរភាព និងការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ។ ជំនួបនៃអ្នកទាំងពីរ ធ្វើឡើងអំឡុងពេលដែលមេដឹកនាំពិភពលោក មកចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់ UN ហើយលោក Guterres នឹងដឹកនាំកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ នៅថ្ងៃពុធនេះ។ លោក ហ្គូតឺរ៉េស បានព្រមានថា គោលដៅចម្បង គឺត្រូវការផែនការសង្គ្រោះពិភពលោក។
គួរបញ្ជាក់ថា បណ្តាមេដឹកនាំក៏កំពុងប្រជុំគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០១៥ ដែលរួមមានការលុបបំបាត់ភាពអត់ឃ្លាន និងភាពក្រីក្រខ្លាំង ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការសម្រេចបាននូវសមភាពយេនឌ័រ៕

អត្ថបទដែលជាប់ទាក់ទង