ឯកឧត្តម លី ធុជ ដឹកនាំកិច្ចប្រជុំអន្តរក្រសួង សម្រាប់ត្រៀមរៀបចំសន្និសីទសកល ស្តីពី ជំនួយដល់ជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្រ្គាម
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំ កិច្ចប្រជុំអន្តរក្រសួង សម្រាប់ត្រៀមរៀបចំសន្និសីទសកល ស្តីពីជំនួយដល់ជនរងគ្រោះដោយ សារមីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសិទ្ធិជនពិការលើកទី៣ ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តិទៅ ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងថា ការទទួលធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលនេះ អាជ្ញាធរមីន ដែលជា សេនាធិការឱ្យរាជរដ្ឋាភិបាល បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោម កិច្ចសហការជាមួយអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអន្តរជាតិ ស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការ ផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន អនុសញ្ញាអូតាវ៉ា(ISU-APMBC) ដែលមានគណៈប្រតិភូមកពីជាង ៤០ ប្រទេសចូលរួម។
ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធាន អាជ្ញាធរមីន និងក្នុងនាមប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវ មោទនភាព ដែលប្រទេសកម្ពុជាបានក្លាយជាប្រទេសទី១ នៅតំបន់អាស៊ី និងជាទី៣ នៅលើពិភពលោក ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសកលនេះ ក្រោមក្របខ័ណ្ឌ អនុសញ្ញាអន្តអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាបានក្លាយជារដ្ឋភាគីកាលពីឆ្នាំ២០០០។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានស្នើសុំឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាឱ្យ កាន់តែជិតស្និទ្ធ យកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំឱ្យគ្រប់ជ្រុងជ្រោយ និងទទួលបដិសណ្ឋារ កិច្ចឱ្យបានកក់ក្តៅ ចំពោះគណៈប្រតិភូ ដែលនឹងត្រូវអញ្ជើញចូលរួមក្នុងសន្និសីទសកលរយៈ ពេល៣ថ្ងៃនេះ ដើម្បីជាកិត្តិយស និងឧត្តមប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនកម្ពុជា ទាំងមូល៕ by AKP