លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ អញ្ជើញចូលរួមទិវាសន្និសិទលើកទី៦ ក្រោមប្រធានបទ «ការថែទាំសុខភាពទារកជុំវិញកំណើតចំពោះស្រ្តីមានផ្ទៃពោះដែលមានការប្រឈមខ្ពស់ និងការថែទាំទារកតាមរបៀបម្តាយកង់ហ្គូរ៉ូ»

ភ្នំពេញ៖ នាថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ២០២៣ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកផ្នែកសុខុមាលភាពមាតា ទារក និង កុមារ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមទិវាសន្និសិទលើកទី៦ ដែលរៀបចំដោយសមាគមគ្រូពេទ្យទារកកម្ពុជានៅសណ្ឋាគារសុខា សៀមរាប ក្រោមប្រធានបទ «ការថែទាំសុខភាពទារកជុំវិញកំណើតចំពោះស្រ្តីមានផ្ទៃពោះដែលមានការប្រឈមខ្ពស់ និងការថែទាំទារកតាមរបៀបម្តាយកង់ហ្គូរ៉ូ» ដែលកម្មវិធីនេះមានរយៈពេលពេញមួយថ្ងៃ ដោយមានការចូលរួមដ៏កុះករពី សំណាក់ថ្នាក់ដឹកនាំក្រសួង ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំមន្ទីរពេទ្យជាតិ ខេត្ត ប្រធានគណៈគ្រូពេទ្យកម្ពុជា សមាគមគ្រូពេទ្យរោគកុមារ ប្រធានសមាគមគ្រូពេទ្យសម្ភពនិងរោគស្រ្តី សាស្រ្តាចារ្យ វេជ្ជបណ្ឌិតឯកទេស ផ្នែករោគកុមារ ទារក ផ្នែកសម្ភពនិងរោគស្ត្រី ឆ្មប គិលានុបដ្ឋាក គិលានុបដ្ឋាយិកា និងនិស្សិត ដែលមកពីបណ្តាខេត្ត រាជធានី សរុបប្រមាណជាង ២០០ នាក់ ក្នុងនោះដោយចូលរួមផ្ទាល់ និង ចូលរួមតាមប្រពន្ធ័ online ដោយមានការធ្វើបទបង្ហាញ ពីសាស្ដ្រាចារ្យដែលមានបទពិសោធន៍ ដ៏លើសលប់នៃផ្នែកទារកនៅថ្នាក់តំបន់អាស៊ីប៉ាស៉ីហ្វិក និងសាស្ត្រាចារ្យអញ្ជើញ មកពីប្រទេសបារាំង ក៏ដូចជាសាស្ត្រាចារ្យនៅក្នុងប្រទេសកម្ពុជាផងដែរ។
ក្នុងឱកាសនោះ លោកជំទាវសាស្រ្តាចារ្យ មានក្តីសោមនស្សរីករាយ និងសំដែងការគោរពថ្លែងអំណរគុណ ជូនចំពោះឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តី ដែលបានចាត់តាំងឲ្យលោកជំទាវ ចូលរួមធ្វើជាតំណាង ក្នុងកម្មវិធីបើកទិវាសន្និសិទលើកទី៦ របស់សមាគមគ្រូពេទ្យទារកកុមារកម្ពុជានេះ។
លោកជំទាវសាស្រ្តាចារ្យ សូមស្វាគមន៍ និងអបអរសាទរ ដល់សមាគមគ្រូពេទ្យទារកកម្ពុជា ដែលបានខិតខំរៀបចំសន្និសិទ នេះអោយមានជារៀងរាល់ឆ្នាំ ដែលនេះគឺជាការចែករំលែកមួយដ៏ថ្លៃថ្លាក្នុងការចូលរួមពង្រឺងនិងលើកកំពស់សមត្ថភាពថែទាំ ព្យាបាល សុខភាពមាតា ទារក និងកុមារ។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វិស័យសុខាភិបាលត្រូវបានកំណត់ជាអាទិភាពចម្បង សម្រាប់ការខិតខំធ្វើអោយបានអោយកាន់តែប្រសើរអំពីសុខមាលភាពរបស់ប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវសាស្រ្តាចារ្យ បានពាំនាំការផ្ដាំផ្ញើប្រសាសន៍ដ៏ថ្លៃថ្លារបស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ដែលជម្រុញអោយថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកសុខាភិបាល ត្រូវមានស្មារតីរួបរួមគ្នា បំពេញការងារប្រកបដោយវិជ្ជាជីវ: លើកកំពស់គុណភាពសេវាសុខាភិបាល ស្វែងយល់ពីបញ្ហាប្រឈម និងត្រូវដោះស្រាយអោយទាន់ពេលវេលា និងសមស្របបំផុត។
សន្និសិទត្រូវបានបិទបញ្ចប់ដោយផ្លែផ្កាជាមួយការផ្តាំផ្ញើ ដោយយកចំណេះដឹង ទៅអនុវត្តន៍នៅកន្លែងរបស់ខ្លួន ចូលរួមចំណែក យ៉ាងមុតមាំក្នុងការកាត់បន្ថយអត្រាមរណៈភាព អត្រាផលវិបាកផ្សេងៗ និងបង្កើនការអប់រំបងប្អូនស្ត្រីមានផ្ទៃពោះអំពីកត្តាប្រឈម តាំងពីពេលមកពិនិត្យផ្ទៃពោះលើកដំបូង ការវាយតំលៃភាពធ្ងន់ធ្ងរនៃកត្តាប្រឈម អោយបានទាន់ពេលវេលា។ នោះគឺសំដៅការធ្វើការសំរេចចិត្តរៀបចំបញ្ជូនម្តាយ ឫម្តាយជាមួយទារក (តាមរយះការទំនាក់ទំនងគ្នាល្អជាក្រុមនៃគ្រូពេទ្យថែទាំព្យាបាល) អោយបានទាន់ពេលវេលា និងសមស្របបំផុត សម្រាប់ការជួយអាយុជីវិត ទាំងម្តាយនិងទារក អោយបានកាន់តែប្រសើរ៕ by AKP

អត្ថបទដែលជាប់ទាក់ទង