អ៊ុយក្រែនជឿជាក់ថា ការគាំទ្ររបស់សហរដ្ឋអាមេរិកមិនថមថយនោះទេ

ប្រមុខការទូតអ៊ុយក្រែនបាននិយាយថា ការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះទីក្រុងកៀវ គឺមិនថមថយនោះទេ និងលើកឡើងអំពីសារសំខាន់នៃការអនុម័តច្បាប់ថវិកាបណ្តោះអាសន្ន របស់ ព្រឹទ្ធសភាអាមេរិកដែលនាំទៅដល់ការដកចេញនូវជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។
លោក ឌីមីទ្រី គូឡេបា (Dmytro Kuleba) រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនបាននិយាយថា ទីក្រុងកៀវកំពុងពិភាក្សាជាមួយគណបក្ស សាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យនៅសភាសហរដ្ឋអាមេរិក ហើយថាភាពចម្រូងចម្រាស ជុំវិញច្បាប់កញ្ចប់ថវិកាបណ្តោះអាសន្ន ដែលបញ្ចៀសរដ្ឋាភិបាលអាមេរិកកាលពីថ្ងៃសៅរ៍សប្តាហ៍មុនគឺជា “ឧប្បត្តិហេតុមួយ” ជាជាងបញ្ហាដែលមានលក្ខណៈជាប្រព័ន្ធ។ លោក គូឡេបា បានបញ្ជាក់ថា “យើងគ្មានអារម្មណ៍ថាការគាំទ្ររបស់សហរដ្ឋអាមេរិកត្រូវបានបំផ្លាញនោះទេ នោះគឺជាស្ថិរភាព និង ការព្យាករណ៍របស់ពិភពលោក ដូច្នេះខ្ញុំជឿថាយើងអាចស្វែងរកដំណោះស្រាយបាន”។
គួរបញ្ជាក់ថា ការផ្តល់ជំនួយយោធារបស់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត មានសារៈសំខាន់ ណាស់សម្រាប់អ៊ុយក្រែន ក្នុងការទប់ទល់ចំពោះការឈ្លានពានរបស់រុស្ស៊ី គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក៕ by AKP

អត្ថបទដែលជាប់ទាក់ទង