បទយកការណ៍៖ ទឹកដោះម្តាយ ជាវ៉ាក់សាំងដំបូងសម្រាប់ទារក ដែលផ្តល់នូវការការពារដ៏សំខាន់ទប់ទល់នឹងជំងឺធ្ងន់ធ្ងរជាច្រើន
យោងតាមអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វបានបញ្ជាក់ថា៖ការបំបៅកូនដោយទឹកដោះ ម្តាយ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការទប់ស្កាត់ បញ្ហា កង្វះអាហារូបត្ថម្ភ ព្រមទាំងធានាដល់ការលូតលាស់ និងការអភិវឌ្ឍន៍ប្រកបដោយសុខភាពល្អរបស់កុមារ។ ពោល គឺទឹកដោះម្តាយ ពោរពេញទៅដោយសារធាតុចិញ្ចឹម និងអង្គបដិប្រាណចាំបាច់ទាំងអស់ ដែលជាតម្រូវការដើម្បីលូតលាស់ និងមានសារៈសំខាន់សម្រាប់សុខុមាលភាពរបស់ទារក។ ម្យ៉ាងវិញទៀត ការបំបៅកូនដោយទឹកដោះម្តាយ ក៏ផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាពរបស់ម្តាយ រួមទាំងកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ និងមហារីកដៃស្បូនផងដែរ។
ដើម្បីជ្រាបច្បាស់ពីរឿងនេះសូមលោកអ្នកនាងស្តាប់បទយកការណ៍របស់វិទ្យុជាតិកម្ពុជាដូចតទៅ៖
លោកនាងជ្រាបទេថា៖ ទោះបីជាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេល៦ខែដំបូង បន្ទាប់ពីសម្រាលមានអត្ថប្រយោជន៍ និងមានការណែនាំដោយអង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោកក្តី ក៏អាត្រានៃការអនុវត្តន៍បានថយចុះក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ការស្ទង់មតិប្រជាសាស្រ្ត និងសុខភាពកម្ពុជា បានបង្ហាញថា អត្រានៃការបំបៅកូនដោយទឹកដោះតែមួយមុខគត់បានធ្លាក់ចុះពី៧៤ភាគរយ ក្នុងឆ្នាំ២០១០ មកនៅត្រឹម៦៥ភាគរយក្នុងឆ្នាំ២០១៤ និងបន្តធ្លាក់ចុះមកនៅត្រឹម៥០ភាគរយនៅឆ្នាំ២០២១-២០២២។
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា៖ ការបំបៅកូនដោយទឹកដោះម្តាយ មានសារៈសំខាន់សម្រាប់សុខភាព និងសុខុមាលភាពរបស់ទារក និងម្តាយ។ បញ្ហានេះមានតែសមាជិកគ្រួសារទេដែលជាចលករយ៉ាងសំខាន់ក្នុងការជួយគាំទ្រ ។ ពិសេសសម្រាប់ស្រ្តីដែលត្រូវត្រឡប់ទៅធ្វើការវិញ ពួកគាត់ក៏អាចបន្តបំបៅកូនដោយទឹកដោះរបស់ពួកគាត់បានដដែល តាម រយៈការច្របាច់ទឹកដោះទុក ឬបង្កើតបន្ទប់បំបៅនៅកន្លែងធ្វើការ។ ដូចនេះ កន្លែងធ្វើការ គួរតែរៀបចំទីកន្លែងសមរម្យ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ស្រ្តីក្នុងការបំបៅដោះកូន ដោយប្រាកដថាកូនៗរបស់ពួកគាត់មានសុខភាពល្អ និងចៀសផុតពីបញ្ហាកង្វះអាហារូបត្ថម្ភ។
លោកជំទាវវេជ្ជបណ្ឌិត មានប្រសាសន៍បន្ថែមថា៖ មានបញ្ហាជាច្រើនដែលកើតឡើងមិនថាតាមរយៈការសិក្សាស្រាវជ្រាវ ក៏ដូចជាបានឃើញផ្ទាល់ជាក់ស្តែងនឹងភ្នែកនោះទេ គឺភាគច្រើនកុមារដែលមានបញ្ហា ដោយសារការចិញ្ចឹមមិនបានត្រឹមត្រូវល្អទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ។ ហេតុដូចនេះ មន្រ្តីជំនាញផ្នែកអាហារូបត្ថម្ភ ព្យាយាមធ្វើយ៉ាងណាកែប្រែ ក៏ដូចជាផ្លាស់ប្តូរឥរិយាបថរបស់ពួកគាត់ឱ្យយល់កាន់តែច្បាស់ ពីការចិញ្ចឹមកូនតាមបែបធម្មជាតិ ដែលទទួលបានគុណភាពល្អ។
លោកអ្នកនាងប្រាកដជាជ្រាបច្បាស់ណាស់ថា៖ បច្ចុប្បន្នស្រ្តីភាគច្រើន មិនមែនជាស្រ្តីមេផ្ទះវិលចង្ក្រានមិនជុំដូចសម័យមុននោះទៀតទេ ។សព្វថ្ងៃស្រ្តីមានការងារធ្វើនៅក្នុងសង្គម មិនថាការងារ មន្រ្តីរាជការ និងការងារឯកជននៅតាមក្រុមហ៊ុន រោងចក្រនានាជាដើម ពួកគាត់ សុទ្ធតែមានភារៈកិច្ចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ ក៏ដូចជាជួយស្រោចស្រង់ដល់សង្គមជាតិយើង។ ហេតុនេះការបង្កបរិយាកាសងាយស្រួលទៅដល់ស្រ្តី ដែលជាបុគ្គលិកឱ្យគាត់មានឱកាស នៅក្នុងការធ្វើការងារប្រកបដោយភាពរីករាយ និងមានទីកន្លែងសម្រាប់គាត់បំបៅដោះកូនផងដែរ។ នេះជាប្រសាសន៍លើកឡើង របស់លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី។ លោកជំទាវវេជ្ជបណ្ឌិតមានប្រសាសន៍បន្ថែមថា៖ ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល នៅអាណត្តិថ្មីនីតិកាលទី៧នៃរដ្ឋសភា សម្តេចមហាបរវធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានផ្តល់ការយកចិត្តទុកដាក់ និងផ្តល់ អាទិភាពខ្ពស់ឱ្យកន្លែងធ្វើការ មានបង្កើតជាទារកដ្ឋាន ដែលស្របទៅនឹងគោលដៅយុទ្ឋសាស្រ្ត របស់ក្រសួងសុខាភិបាល ក៏ដូចជាដៃគូអភិវឌ្ឍន៍ដែលកំពុងធ្វើការងារពាក់ព័ន្ធទៅនឹងបញ្ហានេះ។
កិច្ចខិតខំប្រឹងប្រែងរួមគ្នាដោយមានការចូលរួមពីដៃគូជាច្រើន ជាកត្តាសំខាន់សម្រាប់ការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់កុមារ និងម្តាយនៅកម្ពុជា។
លោក ចូសេហ្វ ហ្វាហ្គាទី លេខាធិការសម្ពន្ធដើម្បីអាហារូបត្ថម្ភកាន់តែប្រសើរឡើងនៅកម្ពុជា (SUN – CSA ) បានឱ្យដឹងតាមរយៈអ្នកបកប្រែថា៖ ការបំបៅកូនដោយទឹកដោះម្តាយមានសារៈប្រយោជន៍ខ្លាំងណាស់ ដោយហេតុដូច្នេះហើយទើបមានការខិតខំប្រឹងប្រែងយ៉ាងច្រើនពីអង្គការសង្គមស៊ីវិល ហើយក៏ជាអាទិភាពទី១នៅក្នុងយុទ្ធសាស្រ្ត SUN – CSA ។ ហេតុនេះ ការគាំពារនូវមាតុភាពពិតជាសំខាន់ សម្រាប់ការពារស្រ្តីជុំវិញសកលលោក បើទោះបីកិច្ចគាំពារមាតុភាពមិនទាន់ស្របតាមស្តង់ដារអន្តរជាតិនៅឡើយក្តី ។
រយៈពេលក្នុងការសិក្សានេះ យើងឃើញថាចំពោះស្រ្តីដែលបំបៅកូនដោយទឹកដោះម្តាយគឺឈប់ក្នុងរយៈពេល៣ខែ មានហេតុផលមួយចំនួនគឺពួកគេត្រូវវិលត្រឡប់ទៅធ្វើការវិញ ឬប្រើប្រាស់ទឹកដោះគោម្សៅជំនួសវិញ។ ហើយបន្ថែមពីលើបញ្ហានេះប្រហែលជានឹងបន្តកាន់តែធ្ងន់ធ្ងរ ដោយសារស្រ្តីកាន់តែច្រើនចូលធ្វើការជារៀងរាល់ឆ្នាំ ហើយក៏ដូចបរិយាកាសសង្គមសេដ្ឋកិច្ច ដែលស្រ្តីជាច្រើនមានបញ្ហាពីឧបសគ្គពួកគេជួបប្រទះក្នុងការបន្តបំបៅកូនដោយទឹកដោះ គឺចាំបាច់ក្នុងការពង្រឹងនូវអត្ថប្រយោជន៍ក្នុងពេលឈប់សម្រាកមាតុភាព ហើយនិងពង្រឹងគោលនយោបាយ។ ដូចនេះការកែលម្អនូវផ្នែកនេះ គឺជាការខិតខំរបស់រាជរដ្ឋាភិបាលដូចដែលបានចែងនៅក្នុងការពន្លឿនការកែលម្អអាហារូបត្ថម្ភ ហើយក៏ដូចជាគោលនយោបាយស្តីពីកិច្ចគាំពារសង្គមជាតិ ដែលមានកិច្ចការជាច្រើនទៀតដែលត្រូវបន្តធ្វើ>>។
តាមរយៈការប្រើប្រាស់បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីការបំបៅកូនដោយទឹកដោះម្តាយ អត្ថប្រយោជន៍នៃទឹកដោះម្តាយ និងការអនុវត្តន៍ដ៏ល្អបំផុតដែលម្តាយអាចប្រតិបត្តិតាម។ មិនតែប៉ុណ្ណោះការផ្សព្វផ្សាយ និងការលើកកម្ពស់ការយល់ដឹងទាំងនេះ បានរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំនៅកម្ពុជា។
លោកស្រី ខឺស្ទ៊ី មីលេវ (Kirsty Milev) នាយិកាផ្នែកគុណភាពកម្មវិធីនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីសំខាន់ក្នុងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ និងផ្តល់ព័ត៌មានលើការបង្កើតគោលនយោបាយនៅកម្ពុជា ដែលជារឿងមិនអាចមើលរំលងបានឡើយ។ ការផ្សព្វផ្សាយ ព័ត៌មានស្តីពីការបំបៅកូនដោយទឹកដោះម្តាយជួយលើកកម្ពស់ការយល់ដឹង និងតម្រូវការសម្រាប់ការបង្កើតគោលនយោបាយ និងកម្មវិធីដើម្បីគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយ។ កិច្ចការងារនេះ ក៏អាចជួយលុបបំបាត់ព័ត៌មានមិនត្រឹមត្រូវ និងការយល់ដឹងខុស អំពីការបំបៅកូនដោយទឹកដោះម្តាយ ហើយជំនួសមកវិញដោយផ្តល់ឱ្យឪពុកម្តាយ និងសមាជិកគ្រួសារនូវព័ត៌មានត្រឹមត្រូវអំពីរបៀបចិញ្ចឹមកូនដោយទឹកដោះម្តាយ។
នាឱកាសប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ កាលពីចុងខែកញ្ញា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា (WVI-C) អង្គការយូនីសេហ្វ (UNICEF) អង្គការសុខភាពពិភពលោក (WHO) គម្រោង Alive & Thrive នៃអង្គការ FHI360 (A&T/FHI360) អង្គការហេឡែន ខេលល័រ (Helen Keller) អង្គការភ្លែនអន្តរជាតិនៃកម្ពុជា (PIC) និងសម្ពន្ធដើម្បីអាហារូបត្ថម្ភកាន់តែប្រសើរឡើងនៅកម្ពុជា (SUN-CSA) បានរួមសហការគ្នាបង្កើតឱ្យមានការប្រកួតប្រជែងសរសេរអត្ថបទសម្រាប់អ្នកសារព័ត៌មាន ក្រោមប្រធានបទ៖ បង្កើតបរិយាកាសងាយស្រួលនៅកន្លែងការងារ ដើម្បីលើកកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្តាយ។ គោលបំណងនៃការប្រកួតប្រជែងនេះ គឺដើម្បី៖
១-ជះឥទ្ធិពលជាវិជ្ជមានលើគោលនយោបាយទាក់ទងនឹងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ ២- បង្កើនការយល់ដឹងពីបញ្ហាប្រឈមរបស់ម្តាយក្នុងប្រទេសកម្ពុជាដែលមានបំណងបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់រយៈពេលប្រាំមួយខែដំបូងបន្ទាប់ពីសម្រាលរួច និងការបន្តបំបៅកូនដោយទឹកដោះម្តាយឱ្យបានយូរ
៣- ការផ្តល់ដំណោះស្រាយដែលអាចទៅរួចសម្រាប់ម្តាយដែលត្រូវបំពេញ កិច្ចការងារដើម្បីជំនះឧបសគ្គចំពោះការបំបៅកូនដោយទឹកដោះម្តាយ៕ by AKP