អាជ្ញាធររាជធានីភ្នំពេញ ប្រកាសមិនអនុញ្ញាតឱ្យរថយន្តដឹកទំនិញធំៗធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១ឡើយ តំបន់ពីនិរោធទី៣ រហូតដល់ស្ពានច្បារអំពៅ
រថយន្តដឹកទំនិញធំៗ គឺមិនអនុញ្ញាតឱ្យធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១ឡើយ ពិសេសចាប់ពីតំបន់និរោធទី៣ រហូតដល់ស្ពានច្បារអំពៅ ក្នុងខណ្ឌច្បារអំពៅ ខណៈដែលតម្រាយផ្លូវនេះ មានការកកស្ទះចរាចរណ៍ខ្លាំង ដោយសារការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដែលជាស្ពានអាកាសមួយមានរង្វង់មូល លើអាកាស បាននិងកំពុងដំណើរការសាងសង់ យ៉ាងមមាញឹក ហើយបង្កការកកស្ទះចរាចរណ៍រាល់ថ្ងៃ។
នេះជាការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីពី ការងារការពារសន្តិសុខ សុវត្ថិភាព ជូនប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះមានការចូលរួមពី ស្នងការដ្ឋានរាជធានី,ទីបញ្ជាការដ្ឋានកងរាជ អាវុធហត្ថរាជធានី,កងកម្លាំងនៃអធិការដ្ឋានទាំង១៤ខណ្ឌ និងអភិបាលខណ្ឌទាំង១៤ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមាន ប្រសាសន៍លើកឡើងថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីរកមធ្យោបាយដើម្បីដោះស្រាយការកកស្ទះចរាចរ ណ៍ពិសេសគឺការសម្រួលក្បួនថ្នាក់ដឹក នាំឱ្យបានរលូន និងកាត់បន្ថយបាននូវការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។ ឯកឧត្តមលើកឡើងថា កំណាត់ផ្លូវជាតិលេខ១ កាលពីមិនទាន់មាន ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស គឺមានការកកស្ទះចរាចរណ៍រួចទៅហើយ តែនៅពេលការដ្ឋាននេះ ចាប់ផ្តើមដំណើរការ កំណាត់ផ្លូវមួយនេះកាន់តែស្ទះខ្លាំងឡើងថែមទៀត។ ដូច្នេះហើយ ទើបជាបន្តបន្ទាប់មកនេះ អាជ្ញាធររាជ ធានីភ្នំពេញ តែងតែប្រជុំពិភាក្សា រកដំណោះស្រាយ ដើម្បីកាត់បន្ថយការកកស្ទះ ពិសេសនៅរង្វង់មូលក្បាល ថ្នល់ និងនៅមុខក្រសួងមហាផ្ទៃ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការកក ស្ទះចរាចរណ៍ នៅតែបន្តកើតមាន ហើយយើងក៏នៅតែបន្តការដោះ ស្រាយ។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា បើទោះបីការដ្ឋានសាង សង់ស្ពានអាកាសព្រះមុនីវង្សនេះ បានបញ្ចប់ ក៏ទីតាំងនេះ នៅតែប្រឈមនៃការបញ្ហាកកស្ទះដដែលទេ ព្រោះតែរំហូរចរាចរណ៍ខ្លាំងពីផ្លូវជាតិលេខ១ ។
ជុំវិញបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រឹង ប្រែងខ្លាំងណាស់ ដោយបានសាង សង់ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុងខណ្ឌច្បារអំពៅ និងខណ្ឌចំការមន ជាមួយនឹងមានគម្រោងសាងសង់ស្ពានឆ្លងទន្លេ២ កន្លែងទៀត ឆ្លងពីព្រែកប្រា ឆ្លងទៅផ្លូវជាតិលេខ២ ទៅផ្លូវ៦០ម៉ែត្រ តំបន់អភិវឌ្ឍន៍ជើងឯក ។ក្រោយស្ពាន២នេះស្ថាបនារួចរាល់ ទើបតំបន់ខាងលើនេះ អាចដោះស្រាយបានល្អប្រសើរ លែងមានការកក ស្ទះចរាចរណ៍ទៀត។ ឯកឧត្តម ឃួង ស្រេង បន្តទៀតថា ជាជំហាននៃការដោះស្រាយបញ្ហាចរាចរណ៍នៅចំណុចខាងលើនេះ ឯកឧត្តមបានណែនាំឱ្យកម្លាំងមានសមត្ថកិច្ចប៉ូលីស ត្រូវហាមដាច់ ខាត ចំពោះរថយន្តដឹកទំនិញធំៗ គឺមិនអនុញ្ញាតឱ្យធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ ពិសេសចាប់ពីនិរោធ៣ រហូតដល់ស្ពានច្បារអំពៅ ព្រោះយើងមានផ្លូវវាងឱ្យពួកគាត់ហើយ។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវធ្វើសេចក្តីជូនដំណឹងភ្លាម ដើម្បីឱ្យពួកគាត់ជ្រាបព័ត៌មាន និងបានវាងចេញពីតំបន់កកស្ទះនេះ៕ by AKP