រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៖ កម្ពុជា អាចទាញយកអត្ថប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការអនុវត្ត «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ដោយប្រសិទ្ធភាពខ្ពស់ នឹងជួយឱ្យកម្ពុជាអាចទាញយកអត្ថប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ។
ការលើកឡឡើងនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣ – ២០២៨” នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា គោលនយោបាយនេះ បានចាយពេលអស់ប្រមាណមួយឆ្នាំ ដើម្បីរៀបចំបានចប់សព្វគ្រប់ ពេញលេញ និងគ្រប់ជ្រុង-ជ្រោយ, រហូតត្រូវបានដាក់ផ្សព្វផ្សាយ ជាសាធារណៈ។ បន្ថែមពីនេះ វាគឺជាសមិទ្ធផលមួយដ៏មានសារៈសំខាន់ សម្រាប់ជាមគ្គទេសក៍ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ សំដៅចូលរួមលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ, រក្សាស្ថិរភាពវិស័យ ហិរញ្ញវត្ថុ និងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា៖ “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការអនុវត្តគោលនយោបាយនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ នឹងជួយឱ្យកម្ពុជាអាចទាញយកអត្ថប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និង ផ្តល់កាលានុវត្តភាពដល់គ្រប់តួអង្គ សំដៅរួមចំណែកជំរុញសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថល កម្ពុជា ឱ្យកាន់តែមានភាពរស់រវើក។” ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ទៀតថា ដើម្បីឱ្យការអនុវត្តគោលនយោបាយនេះសម្រេចបានជោគជ័យ វិធានការគោលនយោបាយសរុបចំនួន ៥២ ត្រូវបានដាក់ចេញ។ ដោយការអនុវត្តវិធានការគោលនយោបាយទាំងអស់នេះ ត្រូវគោរពតាមអភិក្រមចំនួន ៣ គឺ ការចាប់យក, ការកែសម្រប និងការធ្វើនវានុវត្តន៍បន្ថែម។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបន្តថា គោលនយោបាយនេះ នឹងឈរលើគោលជំហរ «ថែទាំដើមឈើឱ្យលូតលាស់ល្អ និង អាស្រ័យផលបាន ត្រូវការដីមានជីជាតិដែលអំណោយផលដល់ការស្រូបយករបស់ឫស; ឫសរឹងមាំ និង ច្រើន ដែលអាចស្រូបយកជីជាតិបានល្អ សម្រាប់ទ្រទ្រង់ដល់ភាពរឹងមាំរបស់ដើម; ដើម រឹងមាំសម្រាប់ ទ្រទ្រង់ដល់ការលូតលាស់ល្អរបស់មែក និង មែកបែកសាខា ប្រកបដោយផ្លែផ្កា ច្រើន ដែលអាចអាស្រ័យផលបាន» ។
គួរបញ្ជាក់ដែរថា គោលនយោបាយនេះ បានកំណត់គោលដៅចម្បង ចំនួន៤ ដោយចាត់ទុកការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាដើមឈើមួយដើម ឬហៅថា ដើមឈើបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech Tree) ដោយរួមមាន៖ ការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល, ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ, ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ, និងការជំរុញការអភិវឌ្ឍ និង នវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ។ អគុណ​ សន្តិភាព

អត្ថបទដែលជាប់ទាក់ទង