ក្រសួងអប់រំ ប្តេជ្ញាខិតខំរិះរកគ្រប់មធ្យោបាយ យុទ្ធសាស្ត្រ និងកម្មវិធីនានា ដើម្បីគាំទ្រដល់គ្រូបង្រៀនឱ្យស័ក្តិសមថា «គ្រូបង្រៀនជាសសរស្តម្ភនៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព»
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានបញ្ជាក់ថា ក្រសួងអប់រំ ប្តេជ្ញាខិតខំរិះរកគ្រប់មធ្យោបាយ យុទ្ធសាស្ត្រ និងកម្មវិធីនានា ដើម្បីគាំទ្រដល់គ្រូបង្រៀនឱ្យស័ក្តិសមថា «គ្រូបង្រៀនជាសសរស្តម្ភនៃកំណែ ទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព» ដែលធានាដល់ការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាឱ្យកាន់តែខ្លំាង។
ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀន ឆ្ពោះទៅរកឧត្តមភាព” នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេក វិទ្យាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា គ្រូបង្រៀនគឺជាក្បាលម៉ាស៊ីននៃប្រព័ន្ធអប់រំ ជាឆ្អឹងខ្នងនៃការអប់រំ និងជាអ្នកអប់រំជួរមុខដែលបានធ្វើការជាមួយសិស្ស, បង្កើតបរិស្ថានសិក្សាប្រកបដោយប្រសិទ្ធភាព, រៀបចំសកម្មភាពបង្រៀននានា និងមានទំនាក់ទំនង ជាមួយសិស្ស មាតាបិតា ដើម្បីធានាបាននូវសមភាព និងបរិយាបន្នក្នុងការ អប់រំ។ តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួង បានប្តេជ្ញាខិតខំរិះរកគោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីនានា៤ចំណុច ដើម្បីគាំទ្រដល់ គ្រូបង្រៀនឱ្យស័ក្តិសមនឹងប្រធានបទខាងលើ ក៏ដូចជាដើម្បីពង្រឹងគុណភាពអប់រំ។
«១ បន្តអនុវត្តកំណែ ទម្រង់សាលារៀនយ៉ាងសកម្ម សំដៅទទួលបាននូវសាលារៀនល្អ នាយកសាលាល្អ គ្រូបង្រៀនល្អ បរិស្ថានសាលារៀនល្អ និងមានការចូលរួមយ៉ាងផុលផុសពីសំណាក់សហគមន៍ គ្រួសារ និងអ្នកពាក់ព័ន្ធ ។ ២ ធ្វើកំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូដោយផ្តោតលើការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលនិងវិក្រឹតការ ដើម្បីផ្ដល់ឱ្យគរុនិស្សិតប្រតិបត្តិគុណសម្បទា និងបំណិនសតវត្សរ៍ទី២១ មានគុណវុឌ្ឍិអនុលោមតាម ស្ដង់ដាជាវិជ្ជាជីវៈគ្រូបង្រៀន។ ៣ ក្រសួងនឹងធ្វើការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគ្រូឧទ្ទេស ដោយផ្តោតលើខ្លឹមសារមេរៀន និងគរុកោសល្យ ជាពិសេសវិធីសាស្ត្របង្រៀនសម្បូរបែប វិធីសាស្ត្របង្រៀនតាមបែបសកម្ម និងសមត្ថភាពខាងបច្ចេកវិទ្យា និងទី៤ ក្រសួងនឹងយកចិត្តទុកដាក់ទៅលើការអប់រំចរិយាធម៌សីលធម៌និងការអប់រំពុទ្ធសាសនាផងដែរ»។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ដថា ដើម្បីឆ្លើយតបនឹងយុទ្ធសាស្រ្ដដំណាក់កាលទី៧ សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើការពង្រឹង គុណភាពសាលារៀនរដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យម សិក្សា ក្រសួងអប់រំ បានដាក់ឱ្យអនុវត្តនូវវិធានការគន្លឹះ៤ គឺ បង្កើត«គណៈកម្មការពង្រឹងអភិបាលកិច្ចសាលារៀន ឆ្ពោះទៅលើកកម្ពស់គុណភាពអប់រំ ដោយមាន អនុគណៈកម្មការបច្ចេកទេសតាមអនុវិស័យ៖ ១ កុមារតូច ២ បឋមសិក្សា ៣ មធ្យមសិក្សា ៤ សុខភាពសិក្សា និង៥ ការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីគាំទ្រដល់ការអនុវត្ត៕ by AKP