ឯកឧត្តម ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Grace Fu រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនិរន្តរភាពនៃសាធារណរដ្ឋសិង្ហបុរី

នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូ ទទួលជួបសម្តែងការគួរសម និងជួបពិភាក្សាការងារជាមួយលោកជំទាវ Grace Fu រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនិរន្តរភាពនៃសាធារណរដ្ឋសិង្ហបុរី ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Grand Hyatt នៃទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ជំនួបនេះប្រព្រឹត្តទៅតាមរយៈសំណើពីលោកជំទាវរដ្ឋមន្ត្រី Grace Fu ក្នុងគោលបំណងដើម្បីសម្តែងការគួរសមចំពោះឯកឧត្តមរដ្ឋមន្ត្រីនិងពិភាក្សាអំពីការងារសំខាន់ៗ ចំនួន៣៖ ១. ការប្រែប្រួលអាកាសធាតុ ២. សុវត្ថិភាពស្បៀង និង៣. សន្តិសុខស្បៀងសម្រាប់ប្រទេសទាំងពីរ។
អង្គប្រជុំបានពិភាក្សាដោយសង្កត់ធ្ងន់លើការធ្វើពាណិជ្ជកម្មលើអង្ករពីកម្ពុជាមកសិង្ហបុរី។ លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់ថា សិង្ហបុរីចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគុណភាពអង្កររបស់កម្ពុជា និងស្នើឱ្យប្រទេសទាំងពីរ ពិនិត្យមើលយន្តការបន្តដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មរវាងគ្នាទៅវិញទៅមក៕ by AKP

អត្ថបទដែលជាប់ទាក់ទង