កម្ពុជាគឺជាប្រទេសទី២ក្នុងពិភពលោក ដែលទទួលអ្នកស្ម័គ្រចិត្តបារាំងច្រើនជាងគេ
កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ី និងលេខ២ក្នុងពិភពលោក ក្នុងនាមជាប្រទេសដែលទទួលអ្នកស្ម័គ្រចិត្តបារាំងច្រើនជាងគេ បន្ទាប់ពីប្រទេសម៉ាដាហ្គាស្កា។ នេះបើយោងតាមលោក លីវ រិទ្ធីរ៉ា តំណាង France Volontaires នៅកម្ពុជា ក្នុងពិធីបើកទិវាអ្នកស្ម័គ្រចិត្តបារាំង លើកទី១០ ដែលប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបារាំងនៅកម្ពុជា។
លោក លីវ រិទ្ធីរ៉ា បានឱ្យដឹងទៀតថា កម្ពុជាទទួលអ្នកស្ម័គ្រចិត្តបារាំងប្រមាណពី១៥០ ទៅ ២០០ នាក់ ជារៀងរាល់ឆ្នាំ នៅក្នុងផ្នែកសេវាពលរដ្ឋ (VSC) និងការស្ម័គ្រចិត្តផ្នែកសាមគ្គីអន្តរជាតិ (VSI) ដោយធ្វើការក្នុងវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍន៍មូលដ្ឋាន និងសហគមន៍។ កាលពីឆ្នាំ២០២២ មានអ្នកស្ម័គ្រចិត្តជនជាតិបារាំងចំនួន ១៦៨ នាក់ បានមកធ្វើការស្ម័គ្រចិត្តនៅកម្ពុជា។
ជាមួយគ្នានេះ ប្រទេសបារាំងបានទទួលស្វាគមន៍យុវជនស្ម័គ្រចិត្តកម្ពុជា ចំនួន ១៣នាក់រួចមកហើយ នៅក្នុងក្របខ័ណ្ឌ VSC ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២។ គោលបំណងរបស់ប្រទេសបារាំង និងប្រតិបត្តិករ France Volontaires គឺចង់ឱ្យយុវជនកម្ពុជាកាន់តែច្រើនចូលរួមការងារស្ម័គ្រចិត្តក្នុងប្រទេសបារាំង ដោយមានទិសដៅពង្រឹងភាពជាដៃគូ ប្រកបដោយតុល្យភាពជាមួយព្រះរាជាណាចក្រកម្ពុជា ក្នុងវិស័យសាមគ្គីភាពអន្តរជាតិ។
នៅឆ្នាំ២០២៤ ចំនួនអ្នកស្ម័គ្រចិត្តកម្ពុជា ដែលទៅប្រទេសបារាំង នឹងកើនឡើងទ្វេដង ជាមួយនឹងការបញ្ជូន VSI កម្ពុជាជាលើកដំបូងទៅកាន់ប្រទេសបារាំង និងការបញ្ជូន VSC ក្នុងបេសកកម្មស្ម័គ្រចិត្តដែលទាក់ទងនឹងវិស័យកីឡា និងបរិយាប័ន្ន មុននឹងចូលរួមជាអ្នកស្ម័គ្រចិត្តនៅព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស ឆ្នាំ២០២៤។
ពិធីអបអរសាទរទិវាអ្នកស្ម័គ្រចិត្តបារាំង លើកទី១០ នៅកម្ពុជា ប្រព្រឹត្តទៅក្រោមប្រធានបទ “កម្ពុជា បារាំង៖ អ្នកស្ម័គ្រចិត្ត និងសាមគ្គីភាពរួមគ្នា” ដោយមានវត្តមានរបស់ឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា តំណាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងព័ត៌មាន ស្ថាប័នដៃគូ និងអ្នកស្ម័គ្រចិត្តបារាំង និងកម្ពុជា។
ទិវាអ្នកស្ម័គ្រចិត្តបារាំង ត្រូវបានរៀបចំជារៀងរាល់ឆ្នាំដោយ France Volontaires នៅជុំវិញពិភពលោក ក្នុងខែតុលា ក្នុងគោលបំណងលើកកម្ពស់ការស្ម័គ្រចិត្តគ្រប់ទម្រង់ និងការចូលរួមចំណែករបស់អ្នកស្ម័គ្រចិត្ត និងអង្គការ ស្ថាប័ន ដែលទទួលអ្នកស្ម័គ្រចិត្ត៕ by AKP