សម្តេចតេជោ ស្នើឱ្យម្តាយឪពុករបស់និស្សិតខ្មែរដែលកំពុងសិក្សានៅអ៊ីស្រាអែលរក្សាភាពស្ងប់ស្ងាត់ រាជរដ្ឋាភិបាលកំពុងតាមដានពីសុវត្ថិភាពពួកគេ យ៉ាងយកចិត្តទុកដាក់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឱ្យម្តាយឪពុករបស់និស្សិតខ្មែរ ដែលកំពុងសិក្សានៅអ៊ីស្រាអែលរក្សាភាពស្ងប់ស្ងាត់ ខណៈដែលរាជរដ្ឋាភិបាលកំពុងតាមដានពីសុវត្ថិភាពពួកគេ យ៉ាងយកចិត្តទុកដាក់។នេះបើយោងតាមសារសំឡេងពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនចំពោះប្រជាជន និងនិស្សិតខ្មែរដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៉ីស្រាអែល នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ក៏បានណែនាំដល់និស្សិត និងពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែល គោរពនឹងអនុវត្តដាច់ខាតតាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល។
ជាមួយគ្នានោះ សម្តេចតេជោ ក៏បានអំពាវនារដល់ជនរួមជាតិ ត្រូវជឿជាក់លើសម្ថភាពដោះស្រាយបញ្ហារបស់អាជ្ញាធរអ៊ីស្រាអែលក្នុងការប្រឆាំងជាមួយភារវកម្មក្នុងតំបន់របស់ពួកហាម៉ាស់ នៃក្រុមប៉ាលេស្ទីន។
ទាក់ទិននឹងបញ្ហានេះ ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ និងឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសតួកគី និង ប្រចាំប្រទេសអេហ្ស៊ីប កំពុងតាមដានដោយផ្ទាល់ចំពោះការវិវត្តសភាពការណ៍នៅប្រទេសអ៊ីស្រាអែល ព្រមទាំងបាននិងបន្តទំនាក់ទំនងដោយផ្ទាល់ជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីនោះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ព័ត៌មាន ដែលក្រុមការងារ APP MoINFO ទទូលបាននាព្រឹកនេះ។
ប្រភពដដែលបានបន្តថា ក្រសួង និងស្ថានទូតកម្ពុជា ក៏បាននិងកំពុងមានទំនាក់ទំនងដោយផ្ទាល់ជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការ សំដៅធានានិងផ្ដល់កិច្ចការពារសុវត្ថិភាពជូននិស្សិតនិងពលរដ្ឋកម្ពុជា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវនិស្សិតនិងពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែល គោរពនឹងអនុវត្តដាច់ខាតតាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល។ ក្នុងករណីត្រូវការជំនួយកិច្ចការកុងស៊ុល សូមមេត្តាទាក់ទងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសតួកគី តាមរយៈទូរស័ព្ទលេខ +90 534 459 9689 ឬ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអេហ្ស៊ីប តាមរយៈទូរស័ព្ទលេខ +20 115 627 9999៕ by AKP