កម្ពុជាមានមោទនភាពក្នុងការបង្ហាញលទ្ធផលនៃកិច្ចគាំពារជនមានពិការភាពទៅកាន់តំបន់អាស៊ាន
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការ ក្រុមប្រឹក្សា សកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា កម្ពុជាមានមោទនភាពក្នុងការពាំនាំនូវលទ្ធផល នៃកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការគាំពារដល់ជនមានពិការភាពនៅក្នុងប្រទេសទៅប្រាប់ប្រទេសនានាក្នុងតំបន់អាស៊ាន។
ឯកឧត្តមបានថ្លែងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានមួយនាព្រឹកថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣ នេះ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនពេលចេញដំណើរទៅចូលរូមវេទិការអាស៊ានជាន់ខ្ពស់ និងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅទីក្រុងម៉ាកាសា ប្រទេសឥណ្ឌូណេស៊ី ដែលតំណាងឱ្យឯកឧត្តម ជា សុមេធី រដ្ឋមន្ត្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា កម្ពុជាមានលទ្ធផលជាច្រើនក្នុងការបង្ហាញទៅកាន់ប្រទេសនានាក្នុងតំបន់អាស៊ាន ហើយនឹងអាចចែករំលែកបទពិសោធន៍ជាច្រើនដល់ប្រទេសផ្សេងទៀតផងដែរ។
ឯកឧត្តមបានមានប្រដាសន៍ថា «នៅក្នុងកិច្ចប្រជុំនោះ យើងនឹងមានមោទនភាពក្នុងការពាំនាំនូវលទ្ធផលជាច្រើនរបស់កម្ពុជាយើងជូនទៅកិច្ចប្រជុំរដ្ឋមន្ត្រីសង្គមកិច្ចអាស៊ាន»។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីបច្ចុប្បន្ន សម្ដេចធិបតី ហ៊ុន ម៉ាណែត សមិទ្ធផលនៃកិច្ចគាំពារដល់ជនមានពិការភាពជាច្រើនត្រូវបានសម្រេចឡើង ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ជនមានពិការភាព (ជម្រាល កន្លែងចតយានយន្ត ផ្លូវដើរសម្រាប់ជនមានពិការភាពភ្នែក….)។ លើសពីនេះទៀត រាជរដ្ឋាភិបាលក៏បានផ្ដល់ប្រាក់របបគោលនយោបាយសម្រាប់ជនមានពិការភាពក្រីក្រ រៀបចំនូវច្បាប់ស្ដីពីការលើកកម្ពស់សិទ្ធិជនមានពិការភាពដែលបានផ្ដល់ការគាំទ្រដល់ជនមានពិការភាពតាំងពីចាប់កំណើតរហូតដល់មរណភាពផងដែរ។
គួរបញ្ជាក់ថា វេទិកាអាស៊ានជាន់ខ្ពស់ និងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ស្តីពីអភិវឌ្ឍន៍បរិយាបន្នពិការភាព និងភាពជាដៃគូលើសពីឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងម៉ាកាសា ប្រទេសឥណ្ឌូណេស៊ី ដោយមានការចូលរួមពីអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន និងប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកសុខុមាលភាពសង្គម និងអភិវឌ្ឍន៍ (AMMSWD) លោកស្រី ដាតូ ស្រ៊ី ហាចឆហ៍ នែនស៊ី ស៊ុករី (Dato Sri Hajah Nancy Sukhri) តំណាងពីរដ្ឋាភិបាលអាម៉េរិក ដែលរួមមានទាំងរដ្ឋមន្ត្រីសង្គមកិច្ចនៃបណ្តាប្រទេសក្នុងតំបន់អាស៊ានទាំងអស់ផងដែរ។
វេទិកានេះនឹងផ្ដល់ឱ្យប្រទេសនានាក្នុងតំបន់អាស៊ានធ្វើបទបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការគាំទ្រដល់ជនមានពិការភាពក្នុងប្រទេសខ្លួន និងការប្ដេជ្ញាចិត្តទៅថ្ងៃខាងមុខក្នុងការអភិវឌ្ឍការលើកកម្ពស់ស្ថានភាពរបស់ជនមានពិការភាពក្នុងការចូលរួម និងទទួលផលពីសកម្មភាពនានារបស់សង្គមដោយមិនមានការរើសអើង៕ by AKP