គណៈប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញទៅទស្សនកិច្ចដល់តំបន់ត្រីកោណអភិវឌ្ឍន៍ ដោយឆ្លងកាត់តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ក្នុងខេត្តរតនគិរី

គណ:ប្រតិភូរដ្ឋសភាកម្ពុជាក្នុងក្របខណ្ឌ(CLV) ដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញទៅទស្សនកិច្ចក្នុងតំបន់ត្រីកោណ ដោយមានការចូលរួមពីតំណាងរាស្ត្រនៃរដ្ឋសភាប្រទេសវៀតណាម និងឡាវផងដែរ។
ក្នុងឱកាសទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភាកម្ពុជានៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវពីសំណាក់ភាគីវៀតណាម មានឯកឧត្តម ឡេ អាញ់ ទួន(Lê Anh Tuấn) អនុប្រធានប្រចាំការគណៈកម្មការកិច្ចការបរទេសរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម អភិបាលរងខេត្ត ហ្សា ឡាយ លោក ហ្វាម ហ័ងហាយ ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម និងសហការីជាច្រើនរូបទៀត។
សមាជិកគណៈប្រតិភូសភាកម្ពុជាទាំងអស់មកពីបីគណៈកម្មការ សរុប៨រូប រួមមាន គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន(ឯកឧត្ដម សួស យ៉ារ៉ា ឯកឧត្ដម ទីសុគន្ធ ឯកឧត្ដម ស៊ន សារ៉ាណា និងឯកឧត្ដម សុះ មុះសិន) គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណ:(ឯកឧត្តម កែប ជុតិមា និងលោកជំទាវ អ៊ុន សុគន្ធា) គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម(ឯកឧត្តម ស៊ូ ភិរិន្ទ និងឯកឧត្ដម ឈឹម ម៉ា)។
ក្រោយពីបានឡើងទៅដល់លើកំពូលភ្នំ ដែលមានស្ដូបឈ្មោះប្រទេសទាំងបីរួចមក គណៈប្រតិភូបានបន្តទៅទស្សនាឈ្វេងយល់អំពីរោងចក្រ Quicornac ដែលជារោងចក្រកែច្នៃផ្លែផាស់សិន។ នេះជាគំរូនៃការអភិវឌ្ឍមួយដែលអាចផ្ដល់ជាគំនិតអភិវឌ្ឍន៍នៅនឹងកន្លែងសម្រាប់ខេត្តជាប់ព្រំដែនផ្សេងទៀត។
សូមជម្រាបជូនថា នេះជាលើកទី១ និងជាថ្ងៃប្រវត្តិសាស្ត្រដែលរដ្ឋសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម បានអញ្ជើញធ្វើទស្សនកិច្ចរួមគ្នាទៅកាន់តំបន់ត្រីកោណអភិវឌ្ឍន៍ ដែលស្ថិតនៅក្រោមគំនិតផ្តួចផ្ដើមមួយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីកសាងព្រំដែនសន្តិភាពនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរវាងប្រទេសទាំងបី។ សម្រាប់ថ្ងៃទី១ នៃដំណើរទស្សនកិច្ចនេះ គណ:ប្រតិភូនៃរដ្ឋសភាកម្ពុជាក៏បានសង្កេតឃើញ និងកោតសរសើរដល់ប្រទេសវៀតណាមដែលបានធ្វើការអភិវឌ្ឍហេដ្ឋារចសម្ព័ន្ធផ្លូវថ្នល់ជាប់ព្រំដែនបានល្អ ជាពិសេសបានចាប់ផ្តើមធ្វើការអភិវឌ្ឍថាមពលអគ្គិសនីកកើតឡើងវិញ ដោយបានកសាងបង្គោលផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ជាច្រើនបង្គោលនៅលើកំពូលភ្នំក្នុងខេត្តជាប់ព្រំដែន៕ by AKP

អត្ថបទដែលជាប់ទាក់ទង