ចូលរួមទាំងអស់គ្នាដើម្បីសង្គមមួយគ្មានគ្រឿងញៀន
អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ៖ដោយលោកស្រីសន សាវិន លោកអ្នកនាងស្ដាប់ជាទីមេត្រី ! បញ្ហាគ្រឿងញៀនកំពុងក្លាយជាប្រធានបទសំខាន់មួយសម្រាប់ប្រជាពលរដ្ឋនៅតាមមូល ដ្ឋាន។ ដើម្បីលុបបំបាត់និងទប់ស្កាត់គ្រឿងញៀនយើងទាំងអស់គ្នាក៏ដូចជាកម្លាំងមន្រ្តីជំនាញពាក់ព័ន្ធនៅតាមមូលដ្ឋានបាននិងកំពុងសហការគ្នាយ៉ាងសកម្ម ធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ឱ្យបានដាច់ខាតនិងផ្តល់ព័ត៌មានឱ្យបានឆាប់រហ័សប្រសិនបើមានករណីជួញដូរ ណាមួយកើតមាននៅក្នុងមូលដ្ឋានរបស់បងប្អូន ។ សូមលោកអ្នកនាងស្ដាប់បទយកការណ៍របស់វិទ្យុជាតិកម្ពុជាស្តីពីបញ្ហានេះដូចតទៅ៖ គ្រឿងញៀនមិនត្រឹមតែបំផ្លាញសុខភាព និងបញ្ញារបស់មនុស្សប៉ុណ្ណោះទេ ថែមទាំងជាមូលហេតុនៃឧក្រិដ្ឋជនគ្រប់ប្រភេទជាច្រើនទៀតផង។ឯកឧត្ដមនាយឧត្ដមសេនីយ៍មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍នៅក្នុងកម្មវិធីសន្ទនាមតិជីវិតយើងសង្គមយើងថា ៖បញ្ហាគ្រឿងញៀនបានអូសបន្លាយជាច្រើនអាណត្តិមកហើយដែលត្រូវបានរួមគ្នាដោះស្រាយ។នៅអាណត្តិទី៧នេះ រាជរដ្ឋាភិបាលក៏នៅតែចាត់ទុកគ្រឿងញៀនជាបញ្ហាប្រឈម ដែលជាការងារអាទិភាពមួយត្រូវដោះស្រាយទាំងអស់គ្នានិងជាបន្ទាន់ ។ សំឡេងទី១«បញ្ហាគ្រឿងញៀនជាបញ្ហាប្រឈមមួយដែលគប្បីយកចិត្តទុកដាក់ដោះស្រាយឱ្យបាន ហើយបង្កើតឱ្យបានសមិទ្ធផលជាក់ស្ដែង បង្ហាញជូនប្រជាពលរដ្ឋដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកទុកចិត្ត ។ជាពិសេសជួយសង្គ្រោះដល់អាយុជីវិត សុខភាពរបស់យុវជន ដោយយើងបានធ្វើការកត់ សម្គាល់ថាជនប្រើប្រាស់គ្រឿងញៀនមានអាយុចន្លោះចាប់ពី១៨ ដល់៣៥ ឆ្នាំ ដែលយើងចាត់ទុកថា ជាក្រុមយុវជន ។ហេតុដូច្នេះបានជារាជរដ្ឋាភិបាលបន្តកិច្ចខិតខំប្រឹងប្រែងនានា ក្នុងពេលដែលចាត់ទុកថាបញ្ហាគ្រឿងញៀននៅតែជាបញ្ហាប្រឈម ដែលគប្បីធ្វើការយកចិត្តទុកដាក់ដោះស្រាយ»។ ឯកឧត្ដមនាយឧត្ដមសេនីយ៍មាស វិរិទ្ធបានលើកឡើងទៀតថា៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធ ធ្វើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ជាពិសេសបង្កើនប្រសិទ្ធភាព ហើយនាំមកនូវប្រសិទ្ធិផល ពាក់ព័ន្ធទៅនឹងសកម្មភាពអប់រំផ្សព្វផ្សាយ ដើម្បីឱ្យមានលក្ខណៈស៊ីជម្រៅ និងផុលផុស ទៅដល់ស្រទាប់មហាជនគ្រប់វ័យគ្រប់ស្រទាប់ គ្រប់ទីកន្លែង គ្រប់ពេលវេលា និងគ្រប់ឱកាស ព្រោះថាការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាចង្កោមអាទិភាពមួយ ពាក់ព័ន្ធទៅនឹងការងារអភិវឌ្ឍច្បាប់។ សំឡេងទី២«ការកាត់បន្ថយ ទីផ្សារនៃការប្រើប្រាស់គ្រឿងញៀន តាមរយៈអប់រំផ្សព្វផ្សាយឱ្យយុវជន ដែលជាមុខសញ្ញាគ្រឿងញៀន។បញ្ឈប់ឬបដិសេធការប្រើប្រាស់គ្រឿងញៀន នោះអ្នកជួញដូរគ្រឿងញៀនក៏ពិបាកក្នុងជួញដូរដែរនៅក្នុងមូលដ្ឋាន។ ទី២ ការលប់បំបាត់ការជួញដូរនៅក្នុងមូលដ្ឋានកន្លែងដែលមិនទាន់រៀបរយ ឬកន្លែងដែលល្បីល្បាញ។ ហើយប្រជាពលរដ្ឋមានការរាយការណ៍ច្រើន ពីទីតាំងកន្លែងជួញដូរគ្រឿងញៀនច្រើន។ ហើយសមត្ថកិច្ចត្រូវខិតខំបង្ក្រាប ដើម្បីឈានទៅរកការកាត់បន្ថយ និងលុបបំបាត់បាតុភាពនេះដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋឱ្យឃើញជាក់ស្ដែង។ ចុងក្រោយខិតខំលុបបំបាត់ការប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកម្សាន្ត កន្លែងផ្ដល់ការសប្បាយ ដោយមានតម្រុយពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ក្នុងបណ្ដាក្លឹបកម្សាន្ត ផ្ទះសំណាក់ ខុនដូជាដើម»។ ចំនួនមនុស្សប្រើប្រាស់គ្រឿងញៀនមាននិន្នាការផ្តោតទៅលើយុវជន ក្មេងជំទង់ សិស្ស និងនិស្សិត។ លោកសំណាង ជាប្រជាពលរដ្ឋរស់នៅស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងបានលើកឡើង ថា៖កាលពីមុនសហគមន៍របស់លោក ក៏មានបញ្ហាគ្រឿងញៀនកើតឡើងច្រើនផងដែរ។ ប៉ុន្តែបន្ទាប់មក សហគមន៍ ក៏ដូចជាសាលារៀនបានបង្កើតយន្តការថ្មីៗ ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងឈានទៅលប់បំបាត់ទាំងស្រុង ។ សំឡេងទី៣«នៅសាលាគាត់បានបង្កើតយន្តការសម្រាប់សិស្សានុសិស្ស ដោយលោកគ្រូអ្នកគ្រូគាត់ បានសុំលេខទូរសព្ទទាំងអាណាព្យាបាល ទាំងសិស្សដើម្បីទំនាក់ទំនង ។ ប្រសិនកូនហ្នឹងគាត់ប្រព្រឹត្តិគ្រឿងញៀន គឺមិនលើសពីមួយម៉ោងទេ គឺជ្រាបដល់លោកគ្រូអ្នកគ្រូ ឪពុកម្ដាយ និងដល់សមត្ថកិច្ចនៅក្បែរនោះផងដែរ។ នៅសហគមន៍របស់ខ្ញុំកាលពីមុនក៏មានបញ្ហាគ្រឿងញៀននេះចូលមករុករានដែរ ប៉ុន្តែដោយសារលោកគ្រូអ្នកគ្រូបានចូលរួមសកម្មក្នុងការអប់រំទាំងសិស្សទាំងអាណាព្យាបាល»។ លោកសំណាងក៏បានលើកឡើងនូវមតិយោបល់ឱ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្កើនការអនុវត្តច្បាប់ស្ដីពីការប្រើប្រាស់ និងជួញដូរគ្រឿនញៀនឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន ដើម្បីឱ្យទាំងអ្នកជួញដូរនិងអ្នកប្រើប្រាស់បានទទួលនូវអ្វីដែលខ្លួនបានប្រព្រឹត្តិ ដែលអាចឱ្យពួកគាត់ឈានទៅរកការកែខ្លួនឡើងវិញ។ សំឡេងទី៤«ខ្ញុំសំណូមពរ គឺមិនចង់ឱ្យមានការដោះដូរជនល្មើសចេញមកវិញ ចង់ឱ្យគាត់ទៅទទួល ទោសតាមច្បាប់ដែលបានកំណត់ បើមិនធ្វើដូច្នេះទេ ទាំងអ្នកជួញដូរនិងអ្នកប្រើប្រាស់ នៅតែរួចខ្លួន ចេញមកវិញដដែល »។
បទល្មើសគ្រឿងញៀនត្រូវបានចែកចេញជា២ផ្នែករួមមាន៖ទី១ បទល្មើសគ្រឿងញៀនសម្រាប់អ្នកប្រើប្រាស់ និងបទល្មើសគ្រឿងញៀនសម្រាប់អ្នកចរាចរណ៍ ជួញដូរ និងរក្សាទុកគ្រឿងញៀន។ ហើយមានតែ សមត្ថកិច្ចតុលាការទេ ដែលអាចវិនិច្ឆ័យថាអ្នកណាមានទោស អ្នកណាអត់ទោស។ឯកឧត្ដមនាយឧត្ដមសេនីយ៍មាស វិរិទ្ធបានមានប្រសាសន៍បន្តទៀតថា៖ ការទប់ស្កាត់បទល្មើសគ្រឿងញៀន ក៏ត្រូវមានការចូលរួមពីកម្លាំងមានសមត្ថកិច្ចជាបង្អែក ដែលកន្លងមកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់ចេញជាពាក្យស្លោក ៣កុំ ១រាយការណ៍។ ពាក្យថា៣កុំគឺ៖ ទី១ មន្ត្រីមានសមត្ថកិច្ច កុំពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនតាមរយៈមិនប្រើប្រាស់មិនជួញដូរ ទី២ កុំអន្តរាគមន៍ កុំលាក់បំពួន កុំប្រើអំណាចអនុគ្រោះ យោគយល់ជាដើម។ឯកឧត្ដមនាយឧត្ដមសេនីយ៍មានប្រសាសន៍រៀបរាប់បន្តទៀតថា៖
សំឡេងទី៥«ទី៣ កុំបន្ធូរបន្ថយ មានន័យថាកុំលើកលែង ការអនុវត្តច្បាប់ត្រូវអនុវត្តន៍ស្មើភាពគ្នា ចំពោះមុខច្បាប់ អ្នកណាក៏ដោយ ទោះបីជាសាច់ញាតិបងប្អូនក្រុមគ្រួសារក៏ដោយក៏ត្រូវអនុវត្តន៍ច្បាប់ដូចគ្នា។ ១ រាយការណ៍ គឺដើរតួជាប្រជាពលរដ្ឋក្នុងការរាយការណ៍ពីព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីអាជ្ញាធរមានសមត្ថកិច្ចធ្វើការបង្ក្រាប និងដោះស្រាយជូនប្រជាពលរដ្ឋ ហើយក៏ជាការអនុវត្តនូវភូមិឃុំមានសុវត្ថិភាព»។
បច្ចុប្បន្នគ្រឿងញៀនបានចូលលុកលុយនៅតាមភូមិឃុំ ធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភពីអសន្តិសុខនិងមិនមានភាពសុខដុមរមនានៅក្នុងគ្រួសារនិងសហគមន៍។អ្នកមីងសុធារី ជាប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប បានលើកឡើងថា៖ បញ្ហាគ្រឿនញៀនបានកើតឡើងផុលផុស ហើយអ្នកមីងព្រួយបារម្ភដោយហេតុសង្កេតឃើញថាដូចជាមិនអាចលុបបំបាត់អស់នោះទេ។
សំឡេងទី៦«និយាយទៅដូចតែគ្នាខេត្តណាក៏ដូចខេត្តណា ខេត្តកោះកុងនិងខេត្តសៀមរាបខ្ញុំធ្លាប់ រស់នៅ បញ្ហាគ្រឿងញៀនបានលុកលុយពេញទឹកពេញដី ហើយដូចជាអត់មានវិធានការអីលប់បំបាត់ឱ្យបាន ទោះបីប្រជាជនបានឃើញក៏មិនហ៊ានរាយការណ៍ដែរ ខ្លាចគេគុំគួន ព្រោះពេលចាប់ ហើយក៏ចេញមកវិញ ។ដើម្បីលប់បំបាត់បានមានតែអាជ្ញាធរមានសមត្ថកិច្ចបិទការនាំចូល»។
ឯកឧត្ដមនាយឧត្ដមសេនីយ៍មាស វិរិទ្ធបានបញ្ជាក់ថា៖ បើទោះបីបច្ចុប្បន្នគ្រឿងញៀនបានវាយលុកទៅដល់គ្រប់ច្រកល្ហកក៏ដោយ ប៉ុន្តែបើនិយាយជារួមគ្រឿងញៀននៅកម្ពុជា ស្ថិតនៅក្រោមការគ្រប់គ្រងបាន ហើយបន្តទៅរួមគ្នាធ្វើសកម្មភាពបង្រួមចរាចរណ៍គ្រឿងញៀន ឱ្យរួមតូចមកវិញ និងកាត់បន្ថយជាអតិបរិមានូវបញ្ហាដែលបង្កឡើងដោយគ្រឿងញៀន ទាំងបញ្ហាប៉ះពាល់ទៅលើ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ទៅលើការអភិវឌ្ឍន៍សង្គមជាតិ ប៉ះពាល់ទៅលើធនធានមនុស្ស និងសុខុមាលភាពប្រជាពលរដ្ឋ។
សំឡេងទី៧«ធម្មតាគ្រឿងញៀនតែងតែគំរាមកំហែង ទៅដល់បុគ្គលទៅដល់ជនដែលមានបញ្ហាពាក់ព័ន្ធទៅលើបុគ្គលដែលប្រើប្រាស់គ្រឿងញៀន ជាពិសេសគ្រួសារតែម្ដង ដែលវាបង្កការរំខាន និងបង្កទុក្ខលំបាកដែលពិបាកនឹងធ្វើការព័ណ៌នា ដោយសារស្ថានភាពគំរាមកំហែងមានលក្ខណៈដោយឡែកពីគ្នា។ ប៉ុន្តែយើងត្រូវខិតខំក្នុងនាមជាអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់ក្នុងការរៀបចំកសាងរឿងខ្លីៗ ឬបង្កើតរឿងខ្លីៗដែលឆ្លុះបញ្ចាំងអំពីផលលំបាកពិតប្រាកដប៉ះពាល់លើ បុគ្គលប៉ះពាល់ទៅលើក្រុមគ្រួសារ សហគមន៍។ដូច្នេះជីវភាពរស់នៅរបស់ប្រជាជន បើសិនជាមាន បញ្ហាគ្រឿងញៀនហើយ ប្រទេសណាក៏ដូចប្រទេសណាសុទ្ធតែប្រឈមទៅនឹងការលំបាក ដែលនេះជាមូលហេតុមួយ ដែលរាជរដ្ឋាភិបាលត្រូវការបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះ ស្រាយ នឹងឈានទៅកាត់បន្ថយ លុបបំបាត់ ដើម្បីធានាបានថា សង្គមកម្ពុជាមិនមានគ្រឿងញៀន ដូចប្រធានបទដែលយើងបានលើកឡើងថា ត្រូវតែចូលរួមទាំងអស់គ្នាដើម្បីសង្គមមួយគ្មានគ្រឿងញៀនបង្កជាបញ្ហា»។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនូវទិសដៅការងារជាអាទិភាពចំនួន៥ សម្រាប់អនុវត្តបន្ត ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ឱ្យបានជាដាច់ខាត តាមការប្ដេជ្ញាដ៏មុតស្រួចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅលុបបំបាត់បទល្មើសនេះនៅពេលខាងមុខ។ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣កន្លងមក នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបែងចែកចង្កោមការងាររបស់ខ្លួនជាពីរផ្នែក ដោយមួយផ្នែកដើរតួនាទីជាអង្គនយោបាយនិងមួយទៀតជាអង្គអនុវត្តន៍ច្បាប់។ប៉ុន្ដែតួអង្គទាំងពីរនេះ ត្រូវសហការអនុវត្តច្បាប់ទាំងនៅកម្រិតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀន នៅពេលអនាគត។ដោយឡែក សម្រាប់ទិសដៅការងារអាទិភាព ចំនួន៥ចំណុច ដែលត្រូវបានដាក់ចេញដោយឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នោះរួមមាន៖
ទី១៖ កិច្ចការងារអប់រំផ្សព្វផ្សាយ ដោយត្រូវធ្វើយ៉ាងណាឱ្យកាន់តែទូលំទូលាយ ក្នុងនោះត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ពិសេសប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងរៀបចំការអប់រំណែនាំបន្ថែមផ្សេងៗ ឱ្យកាន់តែផុលផុស ដោយបូករួមទាំងការនិពន្ធចម្រៀង តែងកំណាព្យ វិញ្ញាសាសម្រាប់សិស្សប្រឡង ហើយបាញ់ឆ្ពោះត្រង់ទៅកាន់យុវជន និងប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល។ទី២៖
ការត្រួតពិនិត្យសារធាតុគីមីផ្សំដោយត្រូវរៀបចំជាបន្ទាន់នូវយន្ដការគ្រប់គ្រងសារធាតុគីមីផ្សំឱ្យបានច្បាស់លាស់។យន្ដការទាំងនោះត្រូវធ្វើឡើងឱ្យសកម្មហើយមាននិរន្ដរភាព ក្នុងនោះអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសម្របសម្រួលជាមួយក្រសួង អង្គភាព ស្ថាប័នដែលមានការពាក់ព័ន្ធ ទៅនឹងការប្រើប្រាស់សារធាតុគីមីផ្សំ ដូចជា ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម, ក្រសួងឧស្សាហកម្មជាដើម។
ទី៣៖ បន្ដខិតខំយកចិត្តទុកដាក់ទប់ស្កាត់ការហូរចូលគ្រឿងញៀនមកប្រទេសកម្ពុជា ក្នុងនោះទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។
ទី៤៖ បន្ដខិតខំទប់ស្កាត់ការកែច្នៃផលិតគ្រឿងញៀនក្នុងប្រទេស ដោយត្រូវប្រើប្រាស់យន្ដការដែលបង្កើតឡើងពាក់ព័ន្ធទៅនឹងការគ្រប់គ្រងសារធាតុគីមីផ្សំ និងត្រូវត្រួតពិនិត្យតំបន់ដែលមានហានិភ័យ ដែលពួកឧក្រិដ្ឋជនលួចប្រើប្រាស់កន្លែងនោះលួចលាក់កែច្នៃផលិតគ្រឿងញៀន។ ឧទាហរណ៍៖ តំបន់ព្រៃ តំបន់ឃ្លាំងស្ដុកទំនិញ និងតំបន់ដែលជ្រកក្រោមស្លាកអភិវឌ្ឍន៍ជាដើម។ទី៥៖ ខិតខំប្រឹងប្រែងលុបបំបាត់ ចែកចាយប្រើប្រាស់គ្រឿងញៀនតាមទីតាំងសប្បាយដ្ឋាន ដូចជា ខារ៉ាអូខេ ក្លឹបកម្សាន្ដ បៀរហ្គាឌិនជាដើម។ បច្ចុប្បន្នកន្លែងសប្បាយដ្ឋាននៅទូទាំងប្រទេស មានប្រមាណជាង១,៣០០ទីតាំង ដែលអាចសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ហើយការត្រួតពិនិត្យទីតាំងសប្បាយដ្ឋាននេះ ត្រូវបានផ្ដល់តួនាទី ភារកិច្ចជូនអង្គភាពអនុវត្តច្បាប់។តាមរបាយការណ៍របស់ឯកឧត្ដមនាយឧត្ដមសេនីយ៍មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គ លេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ សមត្ថកិច្ចអនុវត្តច្បាប់កម្ពុជា ធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួនជាង៥ពាន់ករណី(៥.១៣៣) ឃាត់ខ្លួនជនល្មើសបានចំនួនជិត១២៥០០នាក់(១២.៤៩១) ចាប់យកសារធាតុញៀន ចំនួនជាង២៦០០គីឡូក្រាម(២.៦៥៨,៥៦) សារធាតុគីមីផ្សំចំនួនជាង៩០០ គីឡូក្រាម(៩១០,៨៧) រួមនឹងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត៕ by AKP