និយ័តករមូលបត្រកម្ពុជា បានដាក់ចេញនូវតំណភ្ជាប់ប្រព័ន្ធផ្តល់លេខអត្តសញ្ញាណវិនិយោគិននិងប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ
និយ័តករមូលបត្រកម្ពុជា បានដាក់ចេញនូវតំណភ្ជាប់ប្រព័ន្ធផ្តល់លេខអត្តសញ្ញាណ វិនិយោគិន និងប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ ដែលអនុញ្ញាតឱ្យវិនិយោគិនអាច បើកគណនី ដាក់ប្រាក់ចូលគណនីជួញដូរ និងចាប់ផ្តើមវិនិយោគបានដោយខ្លួនឯង។
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ និយ័តករមូលបត្រកម្ពុជា បានរៀបចំពិធីចុះ កិច្ចព្រមព្រៀង ស្ដីពី “តំណភ្ជាប់ប្រព័ន្ធផ្តល់លេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ របស់និយ័តករមូលបត្រកម្ពុជា និងប្រព័ន្ធបើកគណនីជួញដូរមូលបត្រតាមអនឡាញរបស់ផ្សារ មូលបត្រកម្ពុជា” ដែលមានការរួមដោយ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា។ឯកឧត្តម ហុង សុហួរ បានមានប្រសាសន៍ថា ទីផ្សាររបស់យើង កំពុងតែមានសម្ទុះ រីកចម្រើនខ្លាំង ដោយចំនួនវិនិយោគិនបានកើនឡើងប្រមាណ ៤០ភាគរយ នៅឆ្នាំ២០២៣ នេះ (ប្រមាណ ១,៣ម៉ឺនគណនី) ហើយនឹងរំពឹងថាអាចកើនដល់ប្រមាណ ១០០ភាគរយ (ប្រមាណ ៣ ទៅ ៥ ម៉ឺនគណនី) នៅឆ្នាំ២០២៤ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ បើកគណនីជួញដូរមអនឡាញ។
ឯកឧត្តមបានបន្ថែមថា ស្របពេលដែលយើងអាចបើកគណនីជួញដូរបានភ្លាមៗ និងងាយស្រួល ថ្លៃភាគហ៊ុនភាគច្រើនកំពុងមានភាពធូរថ្លៃ និងទាក់ទាញខ្លាំង ដែលអាចហៅ ឱកាសនេះថា ជាឱកាសមាសរបស់វិនិយោគិន។
ជាមួយគ្នានេះដែរ ឯកឧត្តម ស៊ូ សុជាតិ បានលើកឡើងថា ការបើកគណនីជួញដូរ មូលបត្រតាមអនឡាញនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលថ្មី។ តាមរយៈបរិបទនិន្នាការថ្មីនេះ វិស័យមូលបត្រនៃព្រះរាជា ណាចក្រកម្ពុជាក៏បានធ្វើទំនើបកម្ម តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធផ្តល់ លេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ ការជួញដូរតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល CSX Trade ការផ្ទេរប្រាក់តាម Mobile App ជាដើម ហើយឆាប់ៗនេះ យើងនឹងមានប្រព័ន្ធ បើកគណនីជួញដូរតាមអនឡាញ។គួរបញ្ជាក់ដែរថា និយ័តករមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា រួមជាមួយ ក្រុមហ៊ុន មូលបត្រ គ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាល និងកម្មវិធីនានាបន្ថែមទៀត ដើម្បីបង្កើន ទំនុកចិត្ត និងសមត្ថភាពក្នុងការវិនិយោគ ក៏ដូចជារៀបចំយន្តការនានា ក្នុងការ សម្រួលដល់ វិនិយោគិនឱ្យប្រកបដោយភាពងាយស្រួលក្នុងវិនិយោគ មានប្រសិទ្ធភាព និងទទួលបាន ប្រាប់ចំណេញខ្ពស់៕ by AKP