ឯកឧត្តម​ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជួបពិភាក្សាការងារ ជាមួយលោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា

ឯកឧត្តម​ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជួបពិភាក្សាការងារ ជាមួយលោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងការពារជាតិ។
នៅក្នុងជំនួបនោះឯកឧត្តម ទៀ សីហា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកងទ័ពនិងប្រជាជនឥណ្ឌាដែលបានគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យដែលរួមមាន វិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវប្បធម៌និងវិស័យការពារជាតិ។
ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានបង្ហាញនូវក្តីរំពឹងផងដែរថា ប្រទេសយើងទាំងពីរ កម្ពុជា-ឥណ្ឌា និងពង្រីកវិសាលភាព ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ទៅលើកិច្ចសហ ប្រតិបត្តិការ ដែលមានស្រាប់ ពិសេសលើការងារ នៃការពង្រឹងពង្រីកកិច្ច សហប្រតិបត្តិការ លើវិស័យការពារជាតិ រវាងកងទ័ពជើងគោកប្រទេសទាំងពីរ-ការងារសន្តិសុខ អ៊ីនធឺណិត និងវិស័យផ្សេងៗជាច្រើនទៀត ដែលជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិ ប្រជាជន និងកងទ័ពប្រទេសទាំងពីរ ក្នុងពេលដែលបច្ចុប្បន្ន មានកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា កំពុងស្ថិតនៅលើគន្លងនៃមាគ៌ាអភិវឌ្ឍន៍ដែលកំពុងរីកលូតលាស់ឥតឈប់ឈរ។ ជាការឆ្លើយតប លោកជំទាវបណ្ឌិត ឯកអគ្គរដ្ឋទូតឥណ្ឌា ក្នុងនាមរដ្ឋាភិបាល កងទ័ព ហ្នឹងប្រជាជនឥណ្ឌា បានចូលរួមអបអរសាទរ​​ក្នុងឱកាសដែលរមណីយដ្ឋាននៃប្រាង ប្រាសាទ កោះកេរខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូនីស្កូ។ ទន្ទឹមនឹងនេះដែរ លោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងអំពីទំនាក់ទំនងជាលក្ខណៈ ប្រវត្តិសាស្រ្ត រវាងប្រទេសទាំងពីរ ជាពិសេសទៅលើវិស័យវប្បធម៌ និងវិទ្យាសាស្រ្ត ហើយបច្ចុប្បន្នកំពុងតែមានការរីកចម្រើនលូតលាស់គ្រប់វិស័យគួរឱ្យកត់សម្គាល់។ ​​ដោយ ឡែកលើវិស័យការពារជាតិវិញនោះ ទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ ក៏មានវឌ្ឍនភាព រីកលូតលាស់គួរឱ្យកត់សម្គាល់ផងដែរ ជាក់ស្ដែងដូចជាការចុះអនុស្សរណៈនៃការយោគ យល់គ្នា រវាងកងទ័ពជើងគោកប្រទេសទាំងពីរឥណ្ឌា-កម្ពុជា និងការរៀបចំការហ្វឹកហ្វឺនរួមគ្នា, ការងារជួយបណ្ដុះបណ្ដាលជំនាញដល់កងកម្លាំងថែរក្សាសន្តិភាពរបស់កម្ពុជា សម្រាប់ ចូលរួមជាលក្ខណៈមនុស្សធម៌ របស់អង្គការសហប្រជាជាតិ នៅបណ្ដាប្រទេសមួយចំនួន ក្នុងតំបន់ និងនៅលើសកលលោក។
​លោកជំទាវបានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យការពារជាតិ ប្រទេសទាំងពីរ និងកាន់តែមានសន្ទុះទ្វេឡើង ហើយការផ្សារភ្ជាប់ទំនាក់ទំនង រវាងកងទ័ព ប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា និងកាន់តែរឹងមាំ បន្ទាប់ពីព្រះរាជដំណើរយាងទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះករុណា សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា និងដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ទៅកាន់ប្រទេសឥណ្ឌានាពេលកន្លងមក។ លោកជំទាវ​ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅ កម្ពុជា ក៏បានគោរពអញ្ជើញឯកឧត្តម ទៀ សីហា ទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌា ដើម្បី ពង្រឹងពង្រីកទំនាក់ទំនង រវាងរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនប្រទេសទាំងពីរឱ្យកាន់ តែស្និទ្ធស្នាលថែមទៀត៕​​​​ អគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង