និយ័តករមូលបត្រកម្ពុជា រំពឹងដាក់ចេញនូវក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណនិរន្ត ចំនួន៣ នៅចុងឆ្នាំ២០២៣ ឬក្នុងឆ្នាំ២០២៤
និយ័តករមូលបត្រកម្ពុជា រំពឹងថានឹងដាក់ចេញក្រុមហ៊ុនបោះផ្សាយ សញ្ញាបណ្ណនិរន្ត ចំនួន៣ នៅចុងឆ្នាំ២០២៣ ឬក្នុងឆ្នាំ២០២៤ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅ រកសេដ្ឋកិច្ច បៃតង ខណៈដែលបណ្ដាប្រទេសទូទាំងពិភពលោកកំពុងជួបប្រទះនឹងបញ្ហា បម្រែបម្រួល អាកាសធាតុ។
ផ្សារមូលបត្រកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី “ហិរញ្ញប្បទានប្រកបដោយ និរន្តភាព” ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីសញ្ញាបណ្ណតាមវិស័យ រួមមាន សញ្ញាបណ្ណបៃតង សញ្ញាបណ្ណសង្គម និងសញ្ញាបណ្ណនិរន្តភាព ជាមួយនឹងអត្ថប្រយោជន៍ទៅ ដល់ភាគីពាក់ព័ន្ធ។ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករ មូលបត្រកម្ពុជា បានលើកឡើងនៅក្នុងសិក្ខាសាលាកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ថា និយ័តករមូលបត្រកម្ពុជាបានធ្វើការជាមួយ GGGI ក្រោមគម្រោងមួយមានឈ្មោះថា “Cambodia Sustainable Bond Accelerator Program”។ តាមរយៈគម្រោងនេះ យើងរំពឹងថា នឹងដាក់ចេញក្រុមហ៊ុនចំនួន៣ ដើម្បីបោះផ្សាយសញ្ញាបណ្ណ-និរន្ត នៅចុងឆ្នាំ២០២៣ ឬក្នុងឆ្នាំ២០២៤ ខាងមុខនេះ។បន្ថែមពីនេះ ឯកឧត្តម បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធគួរគិតគូរពី Carbon Market ដែលជាទីផ្សារថ្មីមួយដែលបច្ចុប្បន្នមានការអនុវត្តនៅប្រទេសឥណ្ឌូណេស៊ី។ ឯកឧត្តម បានលើកឡើងថា ក្នុងពេលបច្ចុប្បន្ននេះបណ្តាប្រទេសទូទាំងសកលលោករួម ទាំង ប្រទេសកម្ពុជា កំពុងតែជួបប្រទះបញ្ហាប្រឈមនឹងបម្រែបម្រួលអាកាសធាតុ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ដែលបានជះឥទ្ធិពលដល់ការ រស់នៅក៏ដូចជាស្ថានភាពសេដ្ឋកិច្ច សង្គម ផងដែរ។ ដូចនេះ ការផ្លាស់ប្ដូរទៅរកនិរន្តភាព គឺជាកត្តាដ៏សំខាន់មួយដែល គ្រប់រូបវន្តបុគ្គល នីតិបុគ្គល និងរាជរដ្ឋាភិបាលត្រូវគិតគូរជាអាទិភាព ព្រោះការផ្លាស់ប្តូរទៅរកនិរន្តភាព មិនមែនជាកាតព្វកិច្ច ឬបន្ទុក ប៉ុន្តែជាអ្វីដែលគួរយកមកអនុវត្តន៍នៅក្នុងសកម្មភាពប្រចាំថ្ងៃ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ឯកឧត្តមបានបន្តថា ជាការឆ្លើយតបទៅនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ អាទិភាពលើបញ្ហាអាកាសធាតុក្នុងយុទ្ធសា្រស្តបញ្ចកោណផងដែរ។ លើសពីនេះ ការបង្ហាញ ព័ត៌មានដែលមានលក្ខណនិរន្តភាពក្នុងគោលបំណងពង្រឹងនូវស្តង់ដាររបស់ក្រុមហ៊ុន ក៏ដូចជា តម្រង់ទិសឆ្ពោះទៅរកអាជីវកម្មប្រកបដោយចីរភាព ពុំដូច្នេះទេ អាជីវកម្មរបស់លោក អ្នកនឹងដើរថយក្រោយជាក់ជាមិនខាន។ជាមួយគ្នានេះដែរ ឯកឧត្ដម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ថា ផ្សារមូលបត្រដើរតួនាទី យ៉ាងសំខាន់ក្នុងការផ្ដល់ជាហិរញ្ញប្បទានមួយប្រកបដោយនិរន្តភាព និងបន្តគាំទ្រនូវ ផែនការយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍបៃតងឆ្នាំ២០១៣-២០៣០ ក្នុងការអភិវឌ្ឍហិរញ្ញប្បទាន និរន្តភាពដើម្បី ជំរុញសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង ក៏ដូចជាសេដ្ឋកិច្ចដែល មានការបំភាយកាបូនទាប និងមានភាពធន់នឹងអាកាសធាតុ ដោយផ្ដោតលើការប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាពនៃធនធានធម្មជាតិ។ឯកឧត្តមបានមានប្រសាសន៍ថា យើងសង្ឃឹមយ៉ាងមុតមាំថា ទីផ្សារមួយ នេះនឹងកាន់តែមានភាពទាក់ទាញមួយកម្រិតទៀតទៅដល់ម្ចាស់អាជីវកម្ម និងវិនិយោគិន ទូទៅ ដើម្បីគាំទ្រទៅដល់ការរីកចម្រើននៃវិស័យឯកជន និងជំរុញនូវកំណើនសេដ្ឋកិច្ចជាតិ និងបង្កើនសុខុមាលភាពសង្គមជាតិទាំងមូល។គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុនចំនួន២០ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលនៅនិយ័តករមូលបត្រកម្ពុជា និងបានប្រមូលទុនពីសាធារណជនតាម រយៈផ្សារហ៊ុនសរុបប្រមាណជា ៣៣០លានដុល្លារ៕ by AKP