វេទិកាជាតិ ស្តីពីស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច
ភ្នំពេញ៖ នៅថ្ងៃចន្ទ ៨កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងកិច្ចការនារីបានរៀបចំវេទិកាជាតិស្តីពី «ស្រ្តីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច» ក្រោមមូលបទ «ស្ត្រីក្នុងថ្នាក់ធ្វើសេចក្តីសម្រេចក្នុងវិស័យនយោបាយនិងសាធារណៈ» ដែលស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូអនឡាញ។
វេទិកានេះ គឺជាព្រឹត្តិការណ៍ជាតិប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្ដីនិងក្មេងស្រី នៅគ្រប់កម្រិត ទាំងនៅក្នុងវិស័យនយោបាយនិងសាធារណៈ និងស្វែងរកការគាំទ្រមតិពីថ្នាក់ដឹកនាំនិងដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបណ្តុះឆន្ទៈដល់ស្រ្តីនិងក្មេងស្រីចូលរួមប្រកបដោយសក្តានុពលនិងពេញលេញក្នុងកិច្ចអភិវឌ្ឍ ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ជាពិសេសក្នុងវិស័យនយោបាយនិងសាធារណៈ។
នៅក្នុងវេទិកានេះ មានការចូលរួមធ្វើបទបង្ហាញពីសំណាក់វាគ្មិនកិត្តិយស ដែលអញ្ជើញមកពីរដ្ឋសភា ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិល លើប្រធានបទចំនួនពីរគឺ៖
១.ចែករំលែកបទពិសោធ និងការអនុវត្តល្អៗរបស់ស្រ្តី ក្នុងវិស័យនយោបាយថ្នាក់ជាតិនិងក្រោមជាតិ។
២.ការលើកកម្ពស់ និងកត្តាជំរុញនានា សម្រាប់ស្រ្ដីក្នុងការចូលរួមនៅក្នុងវិស័យសាធារណៈ ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ជាពិសេសបរិបទបរិវត្តកម្មឌីជីថល និងការរៀបចំរដ្ឋាភិបាលឌីជីថល។
និងមានសមាសភាពចូលរួម ដែលអញ្ជើញមកពីព្រឹទ្ធសភា រដ្ឋសភា ក្រសួង-ស្ថាប័ន អង្គទូតនានា រដ្ឋបាលថ្នាក់ក្រោមជាតិ អ្នកសិក្សាស្រាវជ្រាវ ដៃគូពាក់ព័ន្ធ និងវិស័យឯកជន ព្រមទាំងថ្នាក់ដឹកនាំនិងក្រុមការងារនៃក្រសួងកិច្ចការនារី សរុបចំនួនប្រមាណ១,៨០០រូប (ចូលរួមផ្ទាល់ចំនួនប្រមាណ៣០០រូប, និងចូលរួមតាមប្រព័ន្ធវីដេអូអនឡាញចំនួនប្រមាណ១,៥០០រូប)៕ អរគុណសន្តិភាព














