Detail Top Banner

ឯកឧត្តម ស៊ិក ប៊ុណ្ណា និងលោកជំទាវ ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកប៊ុនរ៉ានី ហ៊ុន សែន រកាកោង និងមន្ទីរពេទ្យបង្អែកអង្គស្នួល

ខេត្តកណ្ដាល៖ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងការចង្អុលបង្ហាញពី ឯកឧត្តម ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមពង្រឹងគុណភាពសេវាមន្ទីពេទ្យបង្អែក លោកជំទាវ ប៉ែន រិកស៊ី រដ្ឋលេខាធិការ បានអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកប៊ុនរ៉ានី ហ៊ុន សែន រកាកោង និងមន្ទីរពេទ្យបង្អែកអង្គស្នួល នៅខេត្តកណ្តាល។
ក្នុងអំឡុងបេសកកម្មពិនិត្យការងារនេះ លោកជំទាវរដ្ឋលេខាធិការ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ មន្ដ្រី និងបុគ្គលិកមន្ទីរពេទ្យបង្អែកទាំងពីរ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ព្រមទាំងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត-ស្រុក ដោយផ្ដោតលើផ្នែកសំខាន់ៗចំនួន៧គឺ៖
១) ហេដ្ឋារចនាសម្ព័ន្ធ
២) ធនធានមនុស្ស
៣) សេវាគ្លីនិក
៤) ឧបករណ៍ បរិក្ខារពេទ្យ និងឱសថ
៥) ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ
៦) ការលើកកម្ពស់គុណភាពសេវា
៧) លក្ខខណ្ឌច្បាប់ និងកិច្ចការរដ្ឋបាល។
ឆ្លៀតឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ដ្រី ជូនដល់មន្ត្រីសុខាភិបាល គ្រប់លំដាប់ថ្នាក់ និងសម្ដែងនូវការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាល ខេត្តកណ្ដាលដែលបានលះបង់ខ្ពស់ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងណែនាំដល់មន្ត្រីសុខាភិបាលទាំងអស់ត្រូវបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង