ឯកឧត្តម ឈៀង ច័ន្ទតារា អនុប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា អញ្ជើញចូលរួមកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និង សភាពាណិជ្ជកម្មម៉ាឡេស៊ីកម្ពុជា

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣  ឯកឧត្តម ឈៀង ច័ន្ទតារា អនុប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា អញ្ជើញចូលរួមកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និង សភាពាណិជ្ជកម្មម៉ាឡេស៊ីកម្ពុជា

ក្នុងការចុះអនុស្សរណៈនោះ គឺដឹកនាំដោយ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) និង ដាតូ ស្រ៊ី ដុកទ័រ រីគី យ៉ាវ ចាន់ ឆយ (Dato’s Sri Dr Ricky Yaw Chan Choy) ប្រធានក្រុមប្រឹក្សាភិបាល សភាពាណិជ្ជកម្មម៉ាឡេស៊ីកម្ពុជា បានសហការគ្នា រៀបចំកម្មវីធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) និង សភាពាណិជ្ជកម្មម៉ាឡេស៊ីកម្ពុជា (MCCC)។ ដែលមានគណ:ប្រតិភូ និងភ្ញៀវកិត្តិយស ខ្មែរ និង ម៉ាឡេស៊ី អញ្ជើញចូលរួម ចំនួន ៤៣នាក់ និង ប្រពឹត្តទៅនៅទីស្នាក់ការធុរៈកិច្ចរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រាជធានីភ្នំពេញ ។


ក្នុងឱកាសនៃកម្មវិធីនេះដែរ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង និងជម្រាបជូនពីគោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះគឺដើម្បីជំរុញការនាំចេញផលិតផលខ្មែរនិងម៉ាឡេស៊ី។ ក្នុងនោះផងដែរ ភាគីសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានស្នើអញ្ជើញសភាពាណិជ្ជកម្មម៉ាឡេស៊ីកម្ពុជា ឱ្យជួយនាំអ្នកវិនិយោគដែលមានជំនាញខាងវិស័យ ចំណីអារហារ ដែលប្រើប្រាស់វត្ថុធាតុដើមមានស្រាប់នៅក្នុងស្រុក ដូចជា៖ ស្វាយចន្ទី ស្រូវ ពោត ដំឡូង ម្រេច។ល។ ដើម្បីផលិតជាផលិតផលសម្រេច សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងសម្រាប់នាំចេញទៅទីផ្សារបរទេសផងដែរ។ ក្នុងន័យនេះ កម្ពុជាមានគោលបំណងកាត់បន្ថយការនាំចេញវត្ថុធាតុដើម និងកាត់បន្ថយការនាំចូលផលិតផលសម្រេចពីបរទេស។ ក្នុងនោះផងដែរ ភាគីសភាពាណិជ្ជកម្មម៉ាឡេស៊ីកម្ពុជា ប្តេជ្ញាធ្វើការផ្លាស់ប្តូរពាណិជ្ជកម្ម និងសម្របសម្រួលការនាំចេញ, នាំចូល, ផលិតផល, ជំនាញបច្ចេកទេស, អ្នកវិនិយោគ, វិស័យអប់រំទៅលើសហគ្រិនភាព និងការចូលរួមថែរក្សាបរិស្ថាន ប្រកបដោយចីរភាព។


ឆ្លៀតក្នុងឱកាសនេះផងដែរ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល (FASMEC) បានបន្ថែមទៀតថា លោកនឹងដឹកនាំគណៈប្រតិភូ ចំនួន ៥០នាក់ ដើម្បីចូលរួម កម្មវីធីផ្សារភ្ជាប់ទំនាក់ទំនងអាជីវកម្ម (Business Matching) រវាងដៃគូពាណិជ្ជកម្មកម្ពុជា ជាមួយនិង ដៃគូពាណិជ្ជកម្មម៉ាឡេស៊ី ដែលនឹងធ្វើឡើងថ្ងៃទី ២៥-២៨ ខែមេសា ឆ្នាំ២០២៤ នាពេលខាងមុខ នៅប្រទេសម៉ាឡេស៊ី។

អត្ថបទដែលជាប់ទាក់ទង