ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ពេញចិត្តការរៀបចំដំណើរការប្រឡងជ្រើសរើសមន្ដ្រីកសិកម្មឃុំ

ដូចអ្វីដែលបានកំណត់រួចមកហើយនោះ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣នេះ ចាប់ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង៥ល្ងាច គឺជាដំណើរការប្រឡងជ្រើសរើសមន្ដ្រីកសិកម្មឃុំ ឆ្នាំ២០២៣ ដែលមានបេក្ខជនប្រឡងចំនួន៣,៣៨១នាក់។ ការប្រឡងនេះត្រូវបានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង បង្ហាញនូវការពេញចិត្តពេញថ្លើម ចំពោះការរៀបចំដំណើរការប្រឡងនេះ ដែលបានប្រព្រឹត្តទៅដោយរលូន និងធានាបាននូវតម្លាភាព ភាពត្រឹមត្រូវ យុត្តិធម៌ ហើយអាចទទួលយកបានពីគ្រប់ភាគីទាំងអស់ ទាំងដំណាក់កាលជ្រើសរើសប្រធានវិញ្ញាសា និងដំណាក់កាលប្រឡង។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ក្រោយអញ្ជើញចូលបើកកញ្ចប់វិញ្ញាសាជានិមិត្តរូប ឯកឧត្តម ហ៊ុន ម៉ានី បានអះអាងថា តាំងពីដំណាក់កាលរៀបចំដំបូង រហូតដល់ពេលចាប់ផ្ដើមប្រឡង គឺបានប្រព្រឹត្តទៅដោយរលូន។ ខណៈប្រធានវិញ្ញាសាក៏ធានាបានទាំងស្រុងថា មិនបានបែកធ្លាយ ឬដឹងដល់បេក្ខជនប្រឡងនោះទេ ពោលប្រធានវិញ្ញាសាត្រូវបានជ្រើសរើសភ្លាមៗតែម្ដង នៅថ្ងៃប្រឡង។

ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ផ្ដើមការងារតាំងពីម៉ោង៦ព្រឹក នៅមណ្ឌលប្រឡងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តម និងក្រុមការងារនៃគណៈកម្មការរៀបចំ រួមទាំងអ្នកសង្កេតការណ៍ដែលមានការចូលរួមពី អង្គភាពប្រឆាំងអំពើពុករលួយដែរនោះ បានបែកចែកប្រធានវិញ្ញាសាជាបីប្រភេទ ក្នុងនោះមានជំនាញកសិកម្ម, ភាសាអង់គ្លេស និងចំណេះដឹងទូទៅ។ ឯកឧត្តមថា ក្នុងមួយវិញ្ញាសាជ្រើសរើសយក១០សំណួរ ក្នុងចំណោម៣០សំណួរ ដែលបានដាក់ដោយសាស្ដ្រាចារ្យជំនាញៗ និងមន្ដ្រីជំនាញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ។

ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះថា «ការរៀបចំរបស់យើងគឺមានការហ្មត់ចត់ ផ្ដោតលើអ្វីដែលជាបទពិសោធន៍កន្លងមកយើងធ្វើការផ្សព្វផ្សាយជាសាធារណៈជាបន្ដបន្ទាប់ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងអំពីការវិវឌ្ឍន៍ទៅលើការរៀបចំរបស់យើង ដើម្បីធានាកុំឲ្យមានការបែកធ្លាយវិញ្ញាសា គឺយើងធ្វើនៅថ្ងៃនេះតែម្ដង ជ្រើសរើសដោយមានការចូលរួមពីភាគីផ្សេងៗខុសៗគ្នា យើងព្រីនភ្លាមៗ និងដំណើរការប្រឡងតែម្ដង»

ចំពោះការធានាដល់តម្លាភាពនៃការប្រឡងវិញ ឯកឧត្តមរដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានលើកឡើងថា ការប្រឡងនេះគឺអនុវត្តតាមស្ដង់ដារកន្លងមកដោយមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកសង្កេតការណ៍មកពីគ្រប់មជ្ឈដ្ឋាន។ លោកបន្ថែមថា ការប្រឡងជ្រើសរើសមន្ដ្រីកសិកម្មឃុំនេះ គឺជាបទពិសោធន៍លើកទី១ ដែលក្រសួងមុខងារសាធារណៈរៀបចំឡើង ដូច្នេះលើកនេះចាត់ទុកជាបទពិសោធន៍នូវអ្វីដែលជាចំណុចល្អ ដើម្បីបន្ដអនុវត្តសម្រាប់ការប្រឡងជ្រើសរើសមន្ដ្រីរាជការស៉ីវិល នៅពេលក្រោយៗទៀត។

សម្រាប់នីតិវិធី នៃដំណាក់កាលធ្វើអត្រាកំណែវិញ ឯកឧត្តមហ៊ុន ម៉ានី បានឲ្យដឹងថា នឹងចាប់ផ្ដើមនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ស្អែកនេះតែម្ដង ដោយផ្ដើមពីការកាត់ក្បាលសន្លឹកកិច្ចការ និងចុះលេខសម្ងាត់ទើបរៀបចំការធ្វើកំណែ។ លោកសង្កត់ធ្ងន់ថា ដើម្បីធានាតម្លាភាពនៅដំណាក់កាលកំណែនេះ អ្នកដែលផ្ដល់ប្រធានវិញ្ញាសា និងអ្នកធ្វើកំណែមិនមែនជាមនុស្សតែមួយនោះទេ ពោលអ្នកដាក់ប្រធានវិញ្ញាសាផ្សេង ហើយអ្នកកែផ្សេង។

ចាប់ពីថ្ងៃប្រឡង រហូតដល់ថ្ងៃចេញលទ្ធផល អាចនឹងប្រើប្រាស់រយៈពេលមួយសប្ដាហ៍ ពោលអាចនឹងបញ្ចប់នៅអំឡុងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ ហើយដើម្បីធានាដល់ការប្រព្រឹត្តទៅតាមរយៈពេលដែលបានកំណត់នោះ គឺអាស្រ័យលើល្បឿននេះការធ្វើកំណែ ប៉ុន្ដែទោះជាយ៉ាងណា មិនឲ្យលើសពីមួយសប្ដាហ៍នោះទេ។ នេះបើតាមការអះអាងបន្ថែម របស់ឯកឧត្តមហ៊ុន ម៉ានី។

ជារួមឯកឧត្តមហ៊ុន ម៉ានី បានបង្ហាញនូវក្ដីសប្បាយរីករាយ ចំពោះចំណុចចាប់ផ្ដើមដ៏ល្អនេះ ហើយនឹងយកបទពិសោធន៍ល្អៗសម្រាប់អនុវត្តក្នុងការប្រឡងជ្រើសរើសមន្ដ្រីរាជការស៉ីវិល នៅពេលក្រោយៗទៀត។

ឯកឧត្តមបានបញ្ជាក់បែបនេះថា «ពិតជាមានភាពកក់ក្ដៅ ហើយខ្ញុំខ្លួនឯងពិតជាមានការសប្បាយរីករាយ។ អ្វីដែលយើងបានខំប្រឹងប្រែងធ្វើ គឺយើងដឹងច្បាស់អ្វីដែលជាគោលដៅចុងក្រោយ គឺដើម្បីការរៀបចំនីតិវិធីនៃការជ្រើសរើសមន្ដ្រីរាជការស៉ីវិលពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ដោយមានតម្លាភាព យុត្តិធម៌ ផ្ដល់ឱកាសស្មើភាព ហើយលទ្ធផលចុងក្រោយ គឺចំពោះបេក្ខជនបើជាប់ ជាប់ដោយកិត្តិយស បើធ្លាក់ ធ្លាក់ដោយការអស់ចិត្ត ហើយសំខាន់ជាងនេះទៀត គឺមហាជនអាចទទួលយកបានទាំងអស់គ្នានូវអ្វីដែលជាការរៀបចំរបស់យើង»

សម្រាប់ឯកឧត្តមឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទវិញ ក៏បានបង្ហាញនូវការយល់ឃើញមិនខុសពីលោក ហ៊ុន ម៉ានីនោះទេ ពោលក្រសួងកសិកម្មរំពឹងថា នឹងបានមន្ដ្រីដែលមានសមត្ថភាពសម្រាប់ទៅបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដូច្នេះគោលដៅធំបំផុតនៃការរៀបចំការប្រឡងនេះ គឺដើម្បីទទួលបាននូវមន្ដ្រីដែលមានសមត្ថភាពយ៉ាងពិតប្រាកដ។

សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំឆ្នាំ២០២៣ ចាប់ផ្តើមនៅវេលាម៉ោង១២៖០០ថ្ងៃត្រង់នេះ រហូតដល់ម៉ោង៥៖០០នាទីល្ងាច ដោយបេក្ខជនត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសា៣ ប្រភេទ៖ ១៖ វិញ្ញាសាសរសេរជំនាញកសិកម្ម, ២៖ វិញ្ញាសាពហុចម្លើយ, ៣៖ វិញ្ញាសារសរសេរភាសាអង់គ្លេស។ បេក្ខជនសរុបចំនួន ៣៣៨១នាក់ នឹងចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំឆ្នាំ២០២៣ នៅមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕by FN

អត្ថបទដែលជាប់ទាក់ទង