ក្អកឈាម ជារោគសញ្ញាមួយគួរឲ្យបារម្មណ៍ ព្រោះថាវាអាចបណ្តាលឲ្យគ្រោះថ្នាក់បាត់បង់ជីវិត បើពុំមានការព្យាបាលទាន់ពេល
តើ”ក្អកឈាម” បណ្តាលមកពីអ្វី?
ក្អកឈាមមានមូលហេតុផ្សេងៗជាច្រើនដែលជាទូទៅវាបង្កឡើងដោយការឆ្លងរោគដូចជា៖
១- ជំងឺរបេង៖ ភាគច្រើនអ្នកជំងឺស្រកគីឡូ ក្តៅខ្លួនរ៉ាំរ៉ៃ
២- ជំងឺរីកទងសួត៖ ច្រើនកើតលើអ្នកជំងឺដែលមានប្រវត្តិកើតជំងឺរបេងពីមុន ហើយស្តែងចេញជារោគសញ្ញាក្អករ៉ាំរ៉ៃ និងមានកំហាកជាប្រចាំ
៣- ជំងឺរលាកទងសួត ឬរលាកសួត៖ ដែលរោគសញ្ញាស្ដែងចេញជាក្អកហត់ និងក្តៅខ្លួន
៤- ជំងឺមហារីកសួត៖ ភាគច្រើនកើតលើអ្នកពិសាបារី ដែលមានវ័យចំណាស់លើសពី៤០ឆ្នាំ
៥- ជំងឺបេះដូងត្បៀតប្រើសមីត្រាល់៖ អ្នកជំងឺជាទូទៅមានប្រវត្តិជំងឺបេះដូង និងមានរោគសញ្ញាឆាប់ហត់
៦- ជំងឺស្ទះសសៃឈាមក្នុងសួត៖ ដែលមានរោគសញ្ញាហត់ចុកទ្រូងដែលច្រើនកើតចំពោះអ្នកដែលមានកត្តាប្រឈមដូចជាសំរាកពេទ្យយូរពុំសូវធ្វើចលនា ជំងឺមហារីក មានប្រវត្តិវះកាត់ថ្មីៗ ទើបឆ្លងទន្លេ ឬការប្រើប្រាស់ថ្នាំពន្យាកំណើតជាដើម។
ករណីក្អកឈាមតើត្រូវមកជួបពេទ្យជាបន្ទាន់ឬយ៉ាងណា?
ថ្វីត្បិតក្អកឈាមជួនកាលគ្រាន់តែជាសសៃឈាមដែលលាយមកជាមួយនឹងស្លេសតែប៉ុណ្ណោះ តែទោះជាយ៉ាងណាក៏ដោយក៏វាអាចជាសញ្ញាអាសន្នមួយបញ្ជាក់ពីភាពគ្រោះថ្នាក់នឹងមកដល់។
“ដូច្នេះបើមានរោគសញ្ញាក្អកធ្លាក់ឈាម សូមប្រញាប់មកជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែតជាបន្ទាន់ ដើម្បីធ្វើរោគវិនិឆ្ឆ័យអោយបានត្រឹមត្រូវ និងទទួលការព្យាបាលទាន់ពេលវេលា”៕ អរគុណសន្តិភាព
by calmettehospital