ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញការទប់ស្កាត់លើការបំភ្លៃព័ត៌មាន ពាក់ព័ន្ធនឹងការអភិវឌ្ឍ​ក្រុងរុនតាឯកតេជោសែន និងតំបន់ពាក់ស្នែង

«យើងត្រូវរួមគ្នាទប់ស្កាត់លើការបំភ្លៃព័ត៌មាន ពាក់ព័ន្ធនឹងការអភិវឌ្ឍ​ក្រុងរុនតាឯកតេជោសែន និងតំបន់ពាក់ស្នែង នៅខេត្តសៀមរាប ស្របទៅតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា»។
នេះជាប្រសាសន៍ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីរៀបចំ និងអភិវឌ្ឍទីប្រជុំជនរុនតាឯក និងទីប្រជុំជនពាក់ស្នែង ក្នុងឱកាសដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍនានាដែលកំពុងដំណើរការនៅទីប្រជុំជនរុនតាឯក និងទីប្រជុំជនពាក់ស្នែង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងរៀបចំដែនដី។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋមន្ដ្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងពាក់ព័ន្ធ អភិបាលខេត្ត ក្រុង និងអាជ្ញាធរជំនាញពាក់ព័ន្ធ ដែលជាសមាសភាពគណៈកម្មការអន្ដរក្រសួងផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្ថែមថា គោលបំណងនៃកិច្ចប្រជុំនេះ ក៏ដើម្បីពិនិត្យវឌ្ឍនភាពការអភិវឌ្ឍក្រុងរុនតាឯកតេជោសែន និងតំបន់ពាក់ស្នែង ឱ្យក្លាយជាក្រុងសុខដុម និងពិភាក្សាលើបញ្ហា ដូចជា ការដោះស្រាយបញ្ហាការងារប្រជាពលរដ្ឋ ការផ្ដល់បណ្ណសមធម៌ ការទទួលរងហានិភ័យដោយគ្រោះធម្មជាតិ និងបញ្ហាសន្តិសុខក្នុងក្រុងជាដើម។
បន្ថែមពីលើនេះ ឯកឧត្តម សាយ សំអាល់ បានស្នើឱ្យអង្គប្រជុំពិភាក្សាគ្នា ដោយកំណត់ឱ្យ​ច្បាស់លាស់​ចំពោះ​ការរៀបចំក្រុងប្រកបដោយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គ្រប់​បែប​យ៉ាង​ស្រប​តាម​គោល​នយោបាយ​យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បី​ឱ្យប្រ​ជាព​លរដ្ឋ​ដែល​បានស័្មគ្រចិត្ត​ផ្លាស់​ប្ដូរ​ទី​លំនៅ​មក​រស់​នៅទីតាំងថ្មី​នេះ​ងាយ​ស្រួល​រស់​​នៅ​។
ជាមួយគ្នានេះ ឯកឧត្តម បានណែនាំអាជ្ញាធរមូលដ្ឋានភូមិឃុំ ត្រូវ​រៀបចំផែនទី​បែង​ចែក​ព្រំ​ប្រទល់​កំណ​ត់​តំបន់នីមួយៗឱ្យបានច្បាស់លាស់ ចំណែកគណៈកម្មាធិការ​ដីសម្បទាន​សង្គមកិច្ច​ត្រូវ​សម្រួច​មុខងារ ​តួនាទី​ភារកិច្ចរបស់ខ្លួនបន្ថែមទៀត ហើយក្រុមការងារត្រូវគិតគូរទាំងបច្ចេកទេស នយោបាយ និង​ថវិកា ដើម្បីជំរុញពន្លឿន​ការងារ​ចុះ​បញ្ជី​ដីធ្លី​ឱ្យ​បាន​ចប់​សព្វ​គ្រប់​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​សំដៅបញ្ចប់វិវាទនានាផងដែរ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង