កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នពេញ ចាប់ក្រុមអ្នកលេង ដែលប្រើដោយ ដាវ កាំបិត៤នាក់ ជាសាធារណៈ មុននឹងបញ្ជូនទៅតុលាការ
ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នពេញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញមុខក្រុមអ្នកលេងដាវ កាំបិត៤នាក់ជាសាធារណៈមុននឹងបញ្ជូនទៅតុលាការ ដេីម្បីចាត់ការតាមច្បាប់ ក្រោយឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនា។
សូមជម្រាបជូនថា កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ កាលពី រសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បានទទួលព័ត៌មានថា មានករណីក្មេងស្ទាវមួយក្រុមមានគ្នា១៤នាក់ជិះម៉ូតូ៧គ្រឿងប្រដាប់ដោយកាំបិត ដាវ ដុំថ្ម បានធ្វើសកម្មភាពដេញកាប់និងគប់ ទៅលើបុរសជាជនរងគ្រោះចំនួន០៤នាក់ ជិះម៉ូតូ០២គ្រឿង ប៉ុន្តែមិនបណ្តាលឱ្យរងរបួសនោះទេ ដោយសារតែបុរសទាំង០៤នាក់បានផ្ដួលម៉ូតូចោលហើយរត់គេចខ្លួន។ បន្ទាប់មកក្រុមជនសង្ស័យទាំងនោះបានធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញទៅលើម៉ូតូរបស់ជនរងគ្រោះជាច្រើនកាំបិតបណ្តាលឱ្យខូចខាតយ៉ាងដំណំ។ ក្រោយធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់អស់។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្លូវលេខ៩២ ស្ថិតក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ភ្លាមៗនោះ កម្លាំងជំនាញកងរាជអាវុធហត្ថខណ្ឌសែនសុខ បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ចាប់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ជាបន្តបន្ទាប់ យកមកសាកសួរតាមនីតិវិធីនៅមូលដ្ឋានខណ្ឌ ដោយវត្ថុតាងចាប់យករួមមាន ៖ ម៉ូតូ០១គ្រឿងម៉ាក Beat ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 1U-6234, កាំបិតផ្គាក់ កាំបិតប៉័ងតោ សរុបចំនួន០៤ដើម។
ជនទាំង០៤នាក់នោះរួមមាន ៖ ១.ឈ្មោះ ខឿន វីរៈយុទ្ធ ហៅ ស្វាភ្លើង ភេទប្រុស អាយុ១៤ឆ្នាំ, ២.ឈ្មោះ សេង ហុកជា ភេទប្រុស អាយុ១៣ឆ្នាំ, ៣.ឈ្មោះ សីហា សត្រា ភេទប្រុស អាយុ ១៥ឆ្នាំ, ៤.ឈ្មោះ អ៊ូ ដេវីត ហៅ ជា ភេទប្រុស អាយុ១៨ឆ្នាំ។
ជនសង្ស័យ បានសារភាពឱ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ ពួកខ្លួននិងបក្ខពួក១០នាក់ផ្សេងទៀត ពិតជាបានប្រើអំពើហិង្សាទៅលើជនរងគ្រោះប្រាកដមែន ដោយសារកន្លងមកពួកខ្លួនធ្លាប់មានទំនាស់ជាមួយក្មេងស្ទាវមួយក្រុមផ្សេងទៀត ហើយស្មានតែជនរងគ្រោះជាភាគីសត្រូវដែលមានទំនាស់ជាមួយពួកខ្លួន ហើយក៏បានយកដាវ កាំបិតផ្គាក់ កាំបិតប៉័ងតោ ដុំថ្ម កាប់និងគប់ទៅលើជនរងគ្រោះ តែដោយសារជនរងគ្រោះរត់គេច ពួកខ្លួនក៏ធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះតែម្ដងទៅ។
ជនសង្ស័យទាំង០៤នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកឯបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួន ៕