លោក សុខ ថុល អភិបាលរងខេត្តសៀមរាប អញ្ជើញបិទការប្រកួតវាយសី លក្ខណៈមិត្តភាពនិងមនុស្សធម៌ នៅក្លឹបកីឡាវាយសី
ខេត្តសៀមរាប ៖ លោក សុខ ថុល អភិបាលរងខេត្ត និងលោក លោកស្រីជាគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រួមទាំងកីឡាករ កីឡាការិនី អញ្ជើញបិទការប្រកួតវាយសី លក្ខណៈមិត្តភាពនិងមនុស្សធម៌ នៅក្លឹបកីឡាវាយសី។
កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ មានការបើកការប្រកួតវាយសី លក្ខណៈមិត្តភាពនិងមនុស្សធម៌ ដើមី្បប្រមូលមូលនិធិ ទ្រទ្រង់ដល់កុមារកំព្រា ដែលបានប្រកួតទៅរយៈពេលពេញមួយថ្ងៃ ដែលរៀបចំឡើងដោយសមាគមន៍កីឡាករវាយសីខេត្តសៀមរាប។ តាមការបញ្ជាក់របស់គណៈកម្មការនៃការប្រកួតវាយសី បានបញ្ជាក់ថា ការប្រកួតលក្ខណៈមិត្តភាពនិងមនុស្សធម៌ បានធ្វើការចែកជាពូល A+A និង B+B ដែលមានកីឡាករកីឡាការិនី សរុប៨៤នាក់ ។ ក្នុងនោះពូលA+A មានកីឡាករ ៣២នាក់ ចែកជា ១៦ក្រុម ក្នុងមួយក្រុម ២នាក់ ហើយប្រកួតជម្រុះយកលេខ១ ,លេខ២ និងលេខ៣ ។ ចំពោះពូល B+B មានកីឡាករ ៥២នាក់ ចែកជា ៣២ក្រុម ហើយប្រកួតជម្រុះយក លេខ១ ,លេខ២ និងលេខ៣ ។ ឆ្លងតាមការប្រកួតរយៈពេលពេញមួយថ្ងៃ បានរកឃើញក្រុមកីឡាករឆ្នើម ទាំងពូលA និង ពូល B ចំណាត់ថ្នាក់លេខ១ ,លេខ២ និងលេខ៣ ។ ថ្លែងក្នុងឱកាសនោះ លោក សុខ ថុល បានបញ្ជាក់ថា ការប្រកួតកីឡាវាយសីនាពេលនេះ គឺជាឱកាសសម្រាប់កីឡាករ កីឡាការិនី បង្ហាញពីសមត្ថភាពបច្ចេកទេសនិងជាការបង្កើន ចំណងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការលើគ្រប់ផ្នែកផងដែរ ហើយកីឡាវាយសី ក៏ដូចជាកីឡាប្រភេទផ្សេងៗទៀតដែរ បានផ្តល់អត្ថប្រយោជន៍ និងមានសារៈសំខាន់ណាស់សម្រាប់ជួយឱ្យសុខភាពកាយសម្បទារឹងមាំ ជួយយើងក្នុងការពង្រឹងនិងអភិវឌ្ឍសមត្ថភាពក្នុងការលេងកីឡាផ្សេងៗទៀត ស្របជាមួយនូវការដាក់ចេញ នូវយុទ្ធនាការចលនាជាតិរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងអប់រំ គឺប្រជាជនម្នាក់លេងកីឡាមួយប្រភេទ យ៉ាងតិចប្រចាំជីវិត ។ ក្នុងគោលបំណង ឲ្យប្រជាជនចូលរួមលេងកីឡា ដើម្បីទទួលបានសុខភាពល្អ និងសុខុមាលភាពទាំងផ្លូវកាយនិងផ្លូវចិត្ត បានល្អប្រសើរ ព្រមទាំងបានស្គាល់អំពីគុណតម្លៃ នៃការលេងកីឡា ជាពិសេស បង្កើនទំនាក់ទំនងជិតស្និទ្ឋប្រកបដោយមិត្តភាព ភាតរភាព ពុំមានការរើសអើងអ្វីឡើយ។ លោក សុខ ថុល បានជម្រុញ ឲ្យអ្នកចូលចិត្តវិស័យកីឡា ជាពិសេសយុវវ័យ ងាកមកលេងកីឡាឲ្យបានគ្រប់ៗគ្នា ដើម្បីសុខភាព សំដៅកាត់បន្ថយប្រើពេលវេលាឥតប្រយោជន៍ និងត្រូវនាំគ្នាជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែង អំពើអបាយមុខផ្សេងៗ ដែលនាំឲ្យប៉ះពាល់ដល់គ្រួសារនិងសង្គមជាតិ។
វិស័យកីឡា គឺជាចលករមួយដ៏សំខាន់ ក្នុងការចូលរួមទាក់ទាញភ្ញៀវទេសចរណ៍ ព្រមទាំងបង្កើននូវការទំនាក់ទំនងល្អ ពីតំបន់មួយទៅតំបន់មួយ ដែលជាស្ពានមេត្រីភាព ក្នុងការចងសម្ព័ន្ធភាពជាតិ និង អន្តរជាតិទៀតផង កីឡាធ្វើឲ្យសារពាង្គកាយមនុស្សយើងគ្រប់គ្នារឹងមាំ មានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ ព្រមទាំងបាន ធ្វើការផ្តាំផ្ញើ ដល់កីឡាករ កីឡាការិនី ទាំងអ្នកទទួលជ័យលាភី និង អ្នកមិនទទួលបាន ក៏ត្រូវបង្កើននូវការហ្វឹកហ្វាត់បន្តទៀត ទាំងអ្នកទទួលជ័យលាភី និង អ្នកមិនទទួល ដើមី្បបង្កើនសមត្ថភាព បច្ចេកទេសរបស់ខ្លួន ដើមី្បត្រៀមលក្ខណៈក្នុងការប្រកួតនៅពេលក្រោយៗទៀតផងដែរ៕ អរគុណសន្តិភាព