សិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តនូវប្រព័ន្ធទិន្នន័យសុខាភិបាលឌីជីថល (NCOD) និងនិតិវិធីប្រតិបត្តិស្តង់ដាសម្រាប់កត់ត្រា និងជូនដំណឹងពីកំណើតរស់ មរណភាព មូលហេតុមរណភាព និងទារកស្លាប់កើត

ភ្នំពេញ៖ កាលពីថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ក្រសួងសុខាភិបាលបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តនូវប្រព័ន្ធទិន្នន័យសុខាភិបាលឌីជីថល (NCOD) និងនិតិវិធីប្រតិបត្តិស្តង់ដាសម្រាប់ការជូនដំណឹងពីកំណើតរស់ មរណភាព ការកត់ត្រាទិន្នន័យមូលហេតុមរណភាព និងទារកស្លាប់កើត ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោកស្រី Stephanie តំណាងអង្គការ Vital Strategies ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងផែនការ វិទ្យាស្ថានជាតិ មន្ទីរពេទ្យជាតិ នាយកដ្ឋាន មជ្ឈមណ្ឌលជាតិ សាកលវិទ្យាល័យ រដ្ឋបាលរាជធានី-ខេត្ត មន្ទីរសុខាភិបាលទាំង២៥ មូលដ្ឋានសុខាភិបាលឯកជន និងអង្គការដៃគូសុខាភិបាល សរុបចំនួនប្រមាណ ១២០រូប។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំ បានថ្លែងក្នុងឱកាសនោះថា ការរៀបចំសិក្ខាសាលានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលក្រសួងសុខាភិបាល ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអនុវត្តកែលំអរប្រព័ន្ធអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន រួមមាន៖ ការជូនដំណឹងពីកំណើតរស់ ការជូនដំណឹងពី មរណភាព ការកំណត់រកមូលហេតុមរណភាពដោយប្រើប្រាស់លិខិតវេជ្ជសាស្រ្តបញ្ជាក់មូលហេតុមរណភាព ការដាក់កូដមូលហេតុមរណភាពដោយប្រើប្រាស់ចំណាត់ថ្នាក់កូដអន្តរជាតិ ICD និងការកត់ត្រាទារកស្លាប់កើត។
ក្រសួងសុខាភិបាល ដែលមាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ជាអង្គភាពជំនាញ បានរៀបចំឯកសារទស្សនាទាន ដើម្បីបង្កើតប្រព័ន្ធទិន្នន័យសុខាភិបាលឌីជីថល ដែលជាប្រព័ន្ធកត់ត្រាទិន្នន័យបុគ្គលពីកំណើតរស់ មរណភាព កត់ត្រាមូលហេតុមរណភាព និងទារកស្លាប់កើត។
ការបង្កើតប្រព័ន្ធទិន្នន័យសុខាភិបាលឌីជីថល NCOD (Notification and Cause of death system) នេះឡើង ដោយមានការគាំទ្រទាំងបច្ចេកទេសពីអង្គការ Vital Strategies ព្រមទាំងមានការចូលរួមផ្តល់យោបល់ពីមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ និងវិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការ។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ក៏បានរៀបចំបង្កើតសៀភៅនីតិវិធីប្រតិបត្តិស្តង់ដា សម្រាប់ការជូនដំណឹងអំពីកំណើតរស់ មរណភាព ការកត់ត្រាទិន្នន័យមូលហេតុមរណភាព និងទារកស្លាប់កើត នៅមូលដ្ឋានសុខាភិបាលសាធារណៈ។ ទាំងនេះជាវឌ្ឍនភាពមួយដែលក្រសួងសុខាភិបាលបានបោះជំហានទៅមុខ ក្នុងការចូលរួមជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ក្នុងការកែលម្អប្រព័ន្ធអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាននៅកម្ពុជា។ ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ និងជាពិសេសយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ សូមជំរុញលើកទឹកចិត្ត ដល់មូលដ្ឋានសុខាភិបាលទាំងសាធារណៈ និងឯកជនទាំងអស់ ប្រើប្រាស់ប្រព័ន្ធនេះដើម្បីលើកកម្ពស់ការចូលរួមចំណែកក្នុងការចុះបញ្ជីអត្រានុកូល ដ្ឋាន ជាពិសេសជួយគាំទ្រដល់ វិទ្យាស្ថានជាតិស្ថិតិ ក្នុងការផលិតរបាយការណ៍ជាតិ អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋានសម្រាប់កម្ពុជា៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង