ឯកឧត្តម ឌី វិជ្ជា ណែនាំសមាជិកបក្សថ្មីខេត្តស្វាយរៀងបន្តផ្សព្វផ្សាយគោលនយោបាយបក្ស និងរួមគ្នាថែរក្សាសន្តិភាព
ខេត្តស្វាយរៀង៖ ឯកឧត្តម ឌី វិជ្ជា ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងស្វាយរៀង ខេត្តស្វាយរៀង បានណែនាំដល់សមាជិកបក្សថ្មីវ័យក្មេង ត្រូវមានជំនឿលើការដឹកនាំរបស់គណបក្ស រួបរួមសាមគ្គី និងបន្តថែរក្សាការពារ (សន្តិភាព) និងសមិទ្ធផលនានាដែលបានស្ថាបនាតម្កល់ទុកនៅតាមភូមិ/ឃុំ/សង្កាត់ ដោយគណបក្ស និងសប្បុរសជន។
ឯកឧត្តម ឌី វិជ្ជា មានប្រសាសន៍ណែនាំដល់សមាជិកគណបក្សថ្មីបែបនេះ ក្នុងឱកាសញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាបញ្ជូលថ្មីចំនួនជាង ៣០០ នាក់នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកលោកស្រី មន្ត្រីក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុង សង្កាត់ និងលោក លោកស្រីនៅក្នុងគណៈកម្មការគណបក្សក្រុង និងគណៈកម្មាធិការគណបក្សសង្កាត់ទាំង៧របស់ក្រុងផងដែរ។
ក្នុងនាមគណៈកម្មាធិការកណ្ដាលឯកឧត្តម ឌី វិជ្ជា បានអបអរសាទរចំពោះប្អូនៗយុវជនទាំងអស់ដែលបានជ្រើសរើស និងចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ គឺជាជម្រើសមួយដ៏ល្អពីព្រោះគណបក្សប្រជាជនកម្ពុជាតែងតែរួមសុខរួមទុក្ខជាមួយពលរដ្ឋនៅគ្រប់កាលៈទេសៈ ពិសេសធ្វើការអភិវឌ្ឍជាតិលើគ្រប់វិស័យ។
ដោយឡែកសម្រាប់ខេត្តស្វាយរៀងក្រោមការដឹកនាំរបស់គណបក្សមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានបក្ស និងជាអតីតនាយករដ្ឋមន្រ្ដី និងបន្តដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបច្ចុប្បន្ន បានខិតខំពុះពារដឹកនាំអ្នកវិនិយោគចូលមកបង្កើតរោងចក្រនៅតាមតំបន់នានាទូទាំងខេត្តបង្កឲ្យពលរដ្ឋរកចំណូលតាមរយៈរោងចក្រសហគ្រាសបន្ថែមលើរបបកសិកម្មដើម្បីលើកកម្ពស់ជីវភាពបានយ៉ាងល្អប្រសើរ។
ឯកឧត្តម បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលធ្វើឲ្យប្រទេសជាតិមានសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដូច្នេះលោកលោកស្រី ដែលប្រកាសបញ្ចូលជាសមាជិកថ្មីនៅថ្ងៃនេះ ត្រូវបន្តសិក្សា ជីវប្រវត្តិបក្សឲ្យបានស៊ីជម្រៅ សំដៅបង្កើតសមត្ថភាពភាព និងចូលរួមបន្តដឹកនាំរក្សាការពារគណបក្ស ពិសេសបន្តអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនបន្ថែមទៀត។
កញ្ញា ហោ សុផារ៉ា ក្នុងពេលមកចូលរួមប្រកាសបញ្ជូលជាសមាជិកគណបក្សថ្មីនេះ បានបង្ហាញក្ដីសប្បាយរីករាយ ចំពោះគណៈកម្មាធិការបក្សក្រុងដែលបានឱ្យរូបនាងបានចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ។ កញ្ញា បានប្តេជ្ញាចិត្តបន្តថែរក្សាគណបក្សកេរ្ដិ៍ដំណែលរបស់គណបក្ស និងរបស់ថ្នាក់ដឹកនាំ តាមរយៈបោះឆ្នោត និងផ្តល់ឱកាសជូនគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំប្រទេសនៅគ្រប់ៗអាណត្តិ ពីព្រោះគណបក្សប្រជាជនកម្ពុជាតែងតែយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ៕ ដោយ ក្រសួងព័ត៌មាន
អរគុណសន្តិភាព